(សេអ៊ូល)៖ កូរ៉េខាងត្បូង​បានព្យាករណ៍ថា កូរ៉េខាងជើងអាចនឹង​បង្ករឿងសាជាថ្មី នៅខែតុលាខាង​មុខនេះ ស្របពេលនឹងការ​ប្រារព្ធខួប នៃថ្ងៃបង្កើតគណបក្សពលករ​កូរ៉េខាងជើង និងការបើក​សមាជរបស់គណបក្ស​កុម្មុយនីស្ដចិន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

នៅអំឡុងកិច្ចប្រជុំជាមួយ​ប្រធានាធិបតី លោក មូន ជែអ៊ីន នៅថ្ងៃព្រហស្បតិ៍នេះ ទីប្រឹក្សាសន្តិសុខជាតិ​កូរ៉េខាងត្បូង លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) បាននិយាយថា លោករំពឹងថា​ទីក្រុងព្យុងយ៉ាង អាចបង្ករឿងជាថ្មី​នៅចន្លោះពី​ថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែតុលា ដោយមិនបាន​បញ្ជាក់អ្វីបន្ថែម​ឡើយ។

យ៉ាងណា​ក៏ដោយ អ្នកតំណាង​រាស្ត្រ លោក ផាក វ៉ាន់ជូ (Park Wan-ju) បានឱ្យដឹងដូច្នេះថា «របាយការណ៍របស់​ លោក Chung ក៏បាននិយាយដែរថា វាពិតជាមាន​ការព្រួយបារម្ភ ជុំវិញជម្លោះផ្នែកយោធា ដែលអាចនឹងកើតឡើង​ជាយថាហេតុ ដោយការឧប្បទ្ទហេតុ​ចៃដន្យណាមួយ ​ខណៈលោក​ប្រធានាធិបតី មូន និងលោក​ប្រធានាធិបតី ត្រាំ ធ្លាប់បានបង្ហើប​ពីជម្រើសយោធា និងការទូត (ប្រឆាំងកូរ៉េខាងជើង) ប៉ុន្តែកូរ៉េខាងត្បូង មិនអាចឆ្លងកាត់​សង្រ្គាមជាថ្មី​ម្ដងទៀត​ឡើយ»។

គួរបញ្ជាក់ថា បច្ចុប្បន្ន​ស្ថានភាពនៅលើ​ឧបទ្វីបកូរ៉េ នៅតែស្ថិតនៅក្នុងសភាព​ប្រកាសសង្រ្គាមជានិច្ច ត្បិត​កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានព្រមព្រៀងគ្នា​ត្រឹមតែបទឈប់បាញ់តែ​ប៉ុណ្ណោះ មិនមែនជាសន្ធិ​សញ្ញាបញ្ចប់សង្រ្គា​មអ្វីឡើយ ក្រោយ​សង្រ្គាមកូរ៉េ ១៩៥០-​១៩៥៣។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញ​មួយចំនួន នៅតែយល់ថា សង្រ្គាមកូរ៉េ​នឹងមិនអាចផ្ទុះឡើង​ក្នុងរយៈពេលអនាគត ដ៏ខ្លីនោះទេ ពីព្រោះពួកគេ​យល់ថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ជាមនុស្ស​ពិបាកស្ទង់ចិត្ត ហើយជាពិសេសគឺ​និយាយបាតដៃ​ខ្នងដៃ៕