(គូឡាឡាំពួ)៖ ប្រទេស​ម៉ាឡេស៊ី នាថ្ងៃព្រហស្បតិ៍នេះ​បានឲ្យដឹងថា ប្រជាពលរដ្ឋរ​បស់ខ្លួនទាំងអស់ ត្រូវបាន​ហាមឃាត់ មិនឲ្យធ្វើ​ដំណើរ​ទៅកាន់​ប្រទេសកូរ៉េខាងជើង​ទៀតឡើយ ដោយសារតែ​កម្តៅនៃ​ភាពតានតឹង​នៅក្នុងតំបន់​ឧបទ្វីបកូរ៉េ បង្កឡើងដោយការ​អភិវឌ្ឍអាវុធនុយ​ក្លេអ៊ែរ និងមីស៊ីលផ្លោង​របស់ទី​ក្រុងព្យុងយ៉ាង ខណៈអាមេរិកទើបតែបានដាក់កូរ៉េខាងជើង ក្នុងប្រទេសនៃបម្រាមគោចរ​ដូចគ្នាកាលពី​សប្តាហ៍មុននេះប៉ុណ្ណោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

ម៉ាឡេស៊ី គឺជាប្រទេសមួយ​ក្នុងចំណោមប្រជាជាតិ​មួយចំនួនតូច ដែលនៅតែបន្ត​មានទំនាក់ទំនង​ការទូតជាមិត្តភាព ជាមួយ​កូរ៉េខាង​ជើង ក៏ប៉ុន្តែចំណង​ទាក់ទងនេះបាន​ជួបភាពល្អក់ខ្លាំង កាលពីកំឡុងដើម​ឆ្នាំ២០១៧នេះ បន្ទាប់ពីមានអំពើ​ឃាតកម្ម ទៅលើលោក គីម​ជុងណាំ ដែលត្រូវជា​បងប្រុសម្តាយទីទៃ របស់ប្រមុខដឹកនាំ​កំពូល​ផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯអាកាសយានដ្ឋាន​អន្តរ​ជាតិ នៃទីក្រុងគូឡាឡាំពួ។

ជាមួយគ្នានេះ ក្រុមបាល់ទាត់​ជម្រើសជាតិម៉ាឡេស៊ី ក៏ត្រូវគ្រោងនឹង​ជួបជាមួយ​កូរ៉េខាងជើង ក្នុងការប្រកួតដណ្តើមពានអាស៊ានផងដែរ នៅ​ឯទីក្រុង​ព្យុងយ៉ាង នាថ្ងៃទី០៥ ខែតុលាខាងមុខនេះ ខណៈគម្រោង​ជួបមុខគ្នា ត្រូវបានពន្យាពេល​អស់ពីរលើករួចមក​ហើយ ពីព្រោះ​តែក្តី​ព្រួយបារម្ភលើបញ្ហា​សន្តិសុខសុវត្ថិភាព។ ដោយឡែក ដោយសារតែបម្រាម​ធ្វើដំណើរនេះ ភ្លាមៗ គេមិនទាន់ដឹង​ច្បាស់​​នៅ​ឡើយ​ទេថា ក្រុមម៉ាឡេស៊ី នឹងត្រូវអនុញ្ញាត​​ឲ្យធ្វើដំណើរទៅប្រកួត នៅរដ្ឋធានី​ព្យុងយ៉ាង របស់​កូរ៉េខាងជើង ដែរ​ឬ​យ៉ាង​​ណា​នោះ​។

គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ម៉ាឡេស៊ី បម្រាមខាងលើ នឹងត្រូវត្រួតពិនិត្យ​ក៏ដូចជាពិចារណា​​ឡើយវិញ នៅពេលណាដែល​ស្ថានការណ៍ នៅឧបទ្វីបកូរ៉េ វិលត្រឡប់ទៅរកភាព​ធម្មតាវិញ៕