(បាកដាដ)៖ នៅទីបំផុតដូចការរំពឹងទុក ប្រជាជនអ៊ីរ៉ាក់-ឃើដច្រើនជាង ៩២ភាគរយ ក្នុងចំណោមប្រជាជនដែលបានទៅបោះឆ្នោតជាង ៣លាននាក់ បានសម្រេចចិត្តបោះឆ្នោតថា «Yes» ឬយល់ព្រមឱ្យអាជ្ញាធរ​ឃើដ​ប្រកាស ឯករាជ្យបង្កើតរដ្ឋដោយ​ខ្លួនឯង ហើយ បើទោះជាមាន​ការព្រមានពីការ​ចាត់វិធានការ​តបត ពីសំណាក់​បណ្ដារដ្ឋ​ជិតខាងក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន The Guardian នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។​

លទ្ធផលនៃ​ការបោះឆ្នោតនេះ មិនមានអ្វីគួរ​ឱ្យភ្ញាក់ផ្អើលឡើយ ពីព្រោះគេបាន​ទាយទុកជាមុន​រួចទៅហើយ។ ក៏ប៉ុន្តែវា​បានកើតឡើង បន្ទាប់ពីសភាអ៊ីរ៉ាក់​បានអនុញ្ញាត​ឱ្យនាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ហេដឺ អាល់ អាបាឌី (Haider al-Abadi) បញ្ជូនកងទ័ពទៅ​កាន់តំបន់ជម្លោះ​ កំពុងគ្រប់គ្រងដោយកង​កម្លាំងឃើដ។

បន្ថែមពីលើនេះ រដ្ឋាភិបាលទីក្រុងបាកដាដ ក៏បានព្រមានចាត់​វិធានការ​ផងដែរ ក្នុងនោះរួម​មានទាំង ការរាំងខ្ទប់ ដែន អាកាស និងផ្លូវគោក​ដែលគេរំពឹងថា អាចនឹងចាប់ផ្ដើម​នៅថ្ងៃសុក្រស្អែក​នេះ ខណៈប្រធានាធិបតី​តួកគី លោក អឺដូហ្កាន់ គំរាមថា​បើទីក្រុង​អង់ការ៉ា​ដាក់ទណ្ឌកម្ម នោះឃើដ អាចនឹងប្រឈមមុខ​នឹងគ្រោះ​អត់ឃ្លាន។ តែទោះបីជា​មានការព្រមាន​ទាំងនេះក្ដី ក៏មេដឹកនាំ​ឃើដ លោក ម៉ាស្សួដ បាហ្សានី (Massoud Barzani) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបាន​ទទួល​ជ័យជម្នះ​ហើយ​ នៅក្នុងការបោះឆ្នោត​​ប្រជាមតិ​ប្រកាសឯករាជ្យ​​ឃើដអ៊ីរ៉ាក់... យើង​អាចនឹង​ត្រូវប្រឈមមុខ​នឹងភាពលំបាក​​ជាច្រើន។ ក៏ប៉ុន្តែយើង​នឹងជម្នះ​ដើម្បី​ភាពជោគជ័យ ហើយខ្ញុំនៅ​​តែអំពាវនាវឱ្យ​មហាអំណាច​​ពិភពលោក គោរពការ​​សម្រេចចិត្តរបស់​​ប្រជាជនឃើដ​រាប់លាននាក់... រីឯរដ្ឋាភិបាល​ទីក្រុងបាកដាដ គួរតែអង្គុយ​ចរចា​ជាមួយនឹង​ពួកយើង ជាជាងប្រើ​ការគំរាម»

គួរបញ្ជាក់ថា អ៊ីរ៉ាក់ តួកគី អ៊ីរ៉ង់ រួមទាំងសហរដ្ឋអាមេរិក បានប្រឆាំងជំទាស់​នឹងការបោះឆ្នោត​ប្រជាមតិឃើដ ដោយពួកគេ​សំអាងថា វាអាចនឹងបង្ក​អស្ថិរភាព និងសង្រ្គាមនៅក្នុង​តំបន់ក៏ដូចជា អនុញ្ញាតឱ្យក្រុម ISIS ឆ្លៀតឱកាស​ពង្រីកឥទ្ធិពលខ្លួន​ឡើងវិញតែ​ប៉ុណ្ណោះ៕