(វ៉ាស៊ីនតោន)៖ ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជន​អាមេរិក​មានសិទ្ធិបោះឆ្នោតភាគច្រើន គិតថា​លោក ដូណាល់ ត្រាំ មិនសាកសម ឬមិនមានសមត្ថភាព​កាន់តំណែងជា​ប្រធានាធិបតី អាមេរិក ខណៈមានតែ ៣៦ភាគរយប៉ុណ្ណោះ គាំទ្រសកម្មភាពរបស់​លោកក្នុងការដឹកនាំ​សេតវិមាន គិតចាប់តាំងពី​លោកស្បថចូលកាន់​តំណែង កាលពីខែមករាមក។ នេះបើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន Politico នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមការស្ទង់​មតិខាងលើ ធ្វើឡើងដោយ​សាកលវិទ្យាល័យ Quinnipiac University ប្រជាជនអាមេរិក​មានសិទ្ធិ​បោះឆ្នោត ៥៩ភាគរយ និយាយថា លោក ត្រាំ មិនមានភាព​ស្មោះត្រង់​ ៦០ភាគរយ​ថា លោកមិនមែនមាន​ជំនាញជា​អ្នកដឹកនាំ និង ៦១ភាគរយយល់ថា លោកមិនអាចចែក​រំលែកតម្លៃ​របស់ពួកគេ។ ជាងនេះទៅទៀត ប្រជាជនអាមេរិក​ទាំងនេះ ៦៩ភាគរយក៏បាន ជំទាស់ផងដែរមិនឱ្យ​លោក ត្រាំ បង្ហោះសារនៅលើ Twitter ទល់នឹង ២៦ភាគរយប៉ុណ្ណោះ ដែលគំាទ្រឱ្យ​លោកប្រើប្រាស់​បណ្ដាញទំនាក់ទំនង​សង្គម។

គួររំលឹកថា កាលពីខែមីនា អត្រាពេញចិត្ត​សកម្មភាពរបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ ស្ថិតនៅចន្លោះពី ៣៣ភាគរយ ទៅ ៤០ភាគរយ រីឯ ៥១ភាគរយ នៃអ្នកត្រូវបាន​សាកសួរ និយាយថា ពួកគេខ្មាសអៀន​ដែលមានលោក ត្រាំ ជាប្រធានាធិបតី និង ២៧ភាគរយថា មានមោទនភាព​លើរូបលោក៕