(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian នៅថ្ងៃពុធនេះបាននិយាយថា ពាក្យសម្ដីគំរាមកំហែងរបស់លោក ដូណាល់ ត្រាំ ដាក់កូរ៉េខាងជើង មិនមែនជាមធ្យោបាយល្អក្នុងការដោះស្រាយវិបត្តិនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េនោះទេ ហើយថែមទាំងបានជំរុញប្រធានាធិបតីអាមេរិករូបនេះ ផ្ដោតសំខាន់លើកិច្ចការបង្កើនសម្ពាធការទូតលើទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍បារាំង BMF TV លោក Jean-Yves Le Drian បានគូសបញ្ជាក់ដូច្នេះថា៖ «វិធីសាស្ត្រ (គំរាមកំហែង) របស់លោក ដូណាល់ ត្រាំ កំពុងប្រើមិនមែនជាមធ្យោបាយល្អឡើយ ហើយក្នុងពេលជាមួយគ្នា យើងក៏មិនគួរធ្វើឱ្យវាលាយឡំជាមួយការទទួល ខុសត្រូវដែរ...ប្រទេសដែលកំពុងរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ គឺកូរ៉េខាងជើង។ ចំណែកឯ លោកប្រធានាធិបតី ត្រាំ កំពុងបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះសកម្មភាពកូរ៉េខាងជើង... ក៏ប៉ុន្តែគ្មានអ្វីគួរឱ្យសង្ស័យទៀតឡើយគឺវាមានមធ្យោបាយផ្សេងពីនេះ នោះគឺការដាក់ទណ្ឌកម្ម និងសម្ពាធតាមផ្លូវការទូត»។

គួររំលឹកថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានផ្ទុះឡើងជាថ្មី ក្រោយទីក្រុងព្យុងយ៉ាង បំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃទី០៣ ខែកញ្ញា។ តែភាពតានតឹងនេះកាន់តែឡើង កម្ដៅបន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រើប្រាស់វេទិកាអង្គការសហប្រជាជាតិ គំរាមកម្ទេចកូរ៉េខាងជើងឱ្យក្លាយទៅជាផេះ ហើយដែលពាក្យពេចន៍ទាំងនេះត្រូវបានរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho ចាត់ទុកថាជាការប្រកាសសង្រ្គាមជាមួយនឹងប្រទេសរបស់លោក។ ដូច្នេះទើបលោក អះអាងថាទីក្រុងព្យុងយ៉ាង មានសិទ្ធិគ្រប់គ្រាន់បាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់ បែកអាមេរិក បើទោះជាវាមិនហោះហើរនៅក្នុងដែនអាកាសកូរ៉េខាងជើងក៏ដោយ៕