(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ជនស៊ីវិលសរុប១៦៣នាក់បានស្លាប់ និង ៩១នាក់ទៀតកំពុងបាត់ខ្លួន នៅក្នុងការ​វាយប្រហារដោយភេរវកម្ម​នៅភាគខាងលិចរដ្ឋរ៉ាឃីន របស់ប្រទេសមីយ៉ាន់ម៉ា ដោយគិត​ចាប់តាំងពី​ជម្លោះចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន៕

២៖ ក្រសួងមហាផ្ទៃ​អាហ្វហ្គានីស្ថានបានឱ្យដឹងថា​ គ្រាប់រ៉ុក្កែត​ជាច្រើន​គ្រាប់បាន​ធ្លាក់នៅក្បែរ​អាកាសយានដ្ឋានអន្តរជាតិ​ទីក្រុងកាប៊ុល នៅថ្ងៃពុធនេះ ពោលគឺតែ​ប៉ុន្មានម៉ោង​ប៉ុណ្ណោះបន្ទាប់ពី ការ​លួចមកដល់​ដោយស្ងាត់ របស់រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ លោក ចេមស៍ ម៉ាត់ទីស (James Mattis)៕

៣៖ តុលាការកំពូលថៃ នៅថ្ងៃពុធនេះ​បានសម្រេចចិត្តប្រកាសសាលក្រម កាត់ទោសកំបាំងមុខ​អតីតនាយក​រដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ដែលបានរត់ភៀសខ្លួន​ទៅកាន់បរទេស​ កាលពីខែមុនឱ្យជាប់ពន្ធនាគារ ០៥ឆ្នាំ៕

៤៖ យាន​អវកាស OSIRIS-REx របស់អង្គការ NASA ដែលបានហោះ​មកឆ្វែលផែនដី​ជាលើកទី០២ កាលពីសប្តាហ៍​មុន​ឆ្ពោះ​ទៅកាន់គោលដៅ​អាចម៍ផ្កាយដ៏ធំ​មួយ​នោះបានបន្សល់ទុក រូបភាព​អនុស្សាវរីយ៍ដ៏ស្រស់ស្អាតមួយ នៃភពកំណើត​របស់វា​៕

៥៖ កងទ័ពជើងទឹក​អាមេរិក​បាន​ចំណាយ​លុយ​ប្រមាណ ០៥ពាន់លានដុល្លារ​ថែមទៀត នៅក្នុងកិច្ចសន្យាជា​មួយក្រុមហ៊ុន General Dynamics Electric Boat ដើម្បីធ្វើ​យ៉ាងណា ឲ្យនាវាមុជទឹក ដើរដោយ​ថាមពលនុយក្លេអ៊ែរ​​ប្រភេទថ្មី Columbia-class អាច​ធ្វើ​​ប្រតិបត្តិការបាន យ៉ាងឆាប់រហ័ស​បំផុត​​តាមតែអាច​ធ្វើទៅបាន៕

៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់​កូរ៉េខាងជើងថា បានធ្វើទារុណកម្ម​និស្សិតអាមេរិក​ម្នាក់ឈ្មោះ Otto Warmbier មុននឹងរូបគេ​បានស្លាប់​ កាលពី​ខែមិថុនាកន្លងទៅ៕