(រ៉ង់ហ្គូន)៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃអង្គារនេះ បានចោទប្រកាន់មីយ៉ាន់ម៉ាថា កំពុងប្រព្រឹត្ត​បទឧក្រិដ្ឋប្រឆាំង​នឹងមនុស្សជាតិនៅក្នុងយុទ្ធនាការបោសសំអាតក្រុមសកម្មប្រយុទ្ធមូស្លីម នៅឯរដ្ឋរ៉ាឃីន ភាគខាងជើង នៃប្រទេស។

ព្រមពេលជាមួយគ្នាអង្គការអន្តរជាតិមួយនេះ ក៏បានអំពាវនាវផងដែរឱ្យក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្ម និងហាមឃាត់ការលក់អាវុធឱ្យមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាម អ.ស.ប គិតចាប់តាំងពីជម្លោះផ្ទុះឡើងនៅរដ្ឋរ៉ាឃីន កាលពីថ្ងៃទី២៥ ខែសីហាមក មានមនុស្សច្រើនជាង៤០០នាក់ ភាគច្រើនជាជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាបានស្លាប់ រីឯមនុស្ស ៤៨០,០០០នាក់រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។ ដោយឡែកជុំវិញវិបត្តិមនុស្សជាតិនេះដែរ នាយកគោលនយោបាយ និងសមភាពនៃអង្គការ Human Rights Watch លោក James Ross បានលើកឡើងដូច្នេះថា៖ «យោធាមីយ៉ាន់ម៉ា បានបណ្ដេញជនជាតិរ៉ូហ៊ីងយ៉ា យ៉ាងសាហាវព្រៃផ្សៃចេញរដ្ឋរ៉ាឃីន​ ភាគខាងជើង នៃប្រទេស...ហើយការសម្លាប់រង្គាលអ្នកភូមិនិង ការដុតបំផ្លាញដែលបង្ខំឱ្យពួកគេរត់គេច​ចេញផ្ទះសម្បែង​គឺជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ»

តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលមីយ៉ាន់ម៉ា មិនទាន់មានប្រតិកម្មអ្វីនោះទេ ក៏ប៉ុន្តែលោកស្រី អ៊ុង សានស៊ូជី ធ្លាប់បានទាត់ចោលរាល់ការចោទប្រកាន់ទាំងឡាយដែលថា ពួកយោធាបាននិងកំពុងបោសសំអាតជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា ដោយថែមទាំងអះអាងទៀតថា ពួកយោធាកំពុងប្រយុទ្ធប្រឆាំងនឹងពួកភេរវករ ទទួលខុសត្រូវលើការវាយប្រហារលើប៉ូលិស និងយោធា រួមទាំងការស្លាប់របស់ជនស៊ីវិល និងការដុតបំផ្លាញភូមិតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាម អង្គការ Human Rights Watch ផ្អែកលើការវិភាគរូបភាពថតដោយផ្កាយរណប ពួកគេបានរកឃើញបទ​ឧក្រិដ្ឋប្រឆាំងរ៉ូហ៊ីងយ៉ា មួយចំនួនដូចជា ការបណ្ដេញ ឬបង្ខំឱ្យប្រជាជនចាកចេញពីផ្ទះសម្បែង ការសម្លាប់ ឬការព្យាយាមសម្លាប់ ការរំលោភបំពានផ្លូវភេទ និងការធ្វើទុក្ខបុកម្នេញជាដើម៕