(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Equifax ជាក្រុមហ៊ុនផ្នែកទីភ្នាក់ងាររាយការណ៍ឥណទានអតិថិជនដ៏ធំរបស់សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃអង្គារនេះថា លោក Richard Smith បានសម្រេចចិត្តលាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ (CEO)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Business I​nsider នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

ការប្រកាសបែបនេះរបស់ក្រុមហ៊ុន Equifax ធ្វើឡើងតែបីសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីផ្ទុះឡើងនូវរឿងអាស្រូវធ្វើឱ្យបែកធ្លាយព័ត៌មានឯកជនរបស់ប្រជាជនអាមេរិក ជាង១៤៣លាននាក់។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមហ៊ុនមួយនេះមានមូលដ្ឋាន ក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia មិនទាន់បង្ហើបពីបេក្ខជនត្រូវឡើង មកកាន់តំណែងជា CEO ថ្មីនោះទេ ខណៈក្រុមប្រឹក្សាភិបាល កំពុងសម្លឹងមើល CEO អចិន្ត្រៃយ៍ថ្មី។
«ក្រុមប្រឹក្សាភិបាលនៅតែមានការព្រួយបារម្ភពាក់ព័ន្ធនឹងផ្នែកសន្តិសុខព័ត៌មានវិទ្យា...តែយ៉ាងណាយើងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងគាំទ្រដល់ អតិថិជនរបស់យើង ក៏ដូចជាចាត់វិធានការចំាបាច់កុំឱ្យបញ្ហានៅលើកនេះកើតឡើងសាជាថ្មី»។ នេះគឺជាការលើកឡើងរបស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Equifax។

គួរបញ្ជាក់ថា លោក Richard Smith មានអាយុ៥៧ឆ្នាំ បានកាន់តំណែងជា CEO ក្រុមហ៊ុន Equifax ចាប់តាំងពីឆ្នាំ២០០៥មកម្លេះ ហើយកាលពីឆ្នាំមុនលោកបានជួយរកប្រាក់ចំណូលឱ្យ ក្រុមហ៊ុនបានជាង ៣.១ពាន់លានដុល្លារ៕