(ម៉ានីល)៖ រដ្ឋាភិបាល​ទីក្រុងម៉ានីល​នាថ្ងៃចន្ទនេះ បាន​ធានាអះអាង​ចំពោះទីក្រុង​ហាណូយថា ខ្លួននឹងបើក​ការស៊ើបអង្កេត​មួយ​​​ ប្រកបដោយភាព​សុក្រិត្យត្រឹមត្រូវ និងហ្មត់ចត់បំផុត ទៅលើការស្លាប់​របស់ប្រជានេសាទ​ជនជាតិវៀតណាម ០២នាក់ ក្នុងអំឡុង​ហេតុការណ៍​ដ៏អកុសល្យមួយ ពាក់ព័ន្ធកងទ័ពជើង​ទឹកហ្វីលីពីន នៅលើផ្ទៃសមុទ្រ​ក្បែរខេត្ត ផាងហ្គាស៊ីណាន (Pangasinan) កាលពីថ្ងៃសៅរ៍​កន្លងទៅ​។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

បើតាមសេចក្តីថ្លែងការណ៍​របស់ក្រសួង​ការបរទេស​ហ្វីលីពីន ប្រមុខការទូតហ្វីលីពីន លោក អាឡាន ភីធើ កាយ៉េតាណូ (Alan Peter Cayetano) បានធ្វើការធា​នា​អះអាងបែបនេះ ដល់លោក ផាម ប៊ិញ មិញ (Pham Binh Minh) ដែលជា​ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ការបរទេសវៀតណាម កាលពី​អំឡុង​​​កិច្ចប្រជុំមិនផ្លូវការ​ រវាងរដ្ឋមន្រ្តី​ការបរទេស​អាស៊ាន ដែលបានប្រព្រឹត្ត​ទៅនៅឯ​ទីស្នាក់ការ UN ក្នុងទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក ប៉ុន្មានម៉ោងក្រោយ​ហេតុការណ៍​ខាងលើ​បានកើតឡើង។

គួរបញ្ជាក់ថា បើតាម​រដ្ឋាភិបាល​ហ្វីលីពីន ហេតុការណ៍កាលពី​ថ្ងៃសៅរ៍សប្តាហ៍​មុននេះ មានទាក់ទិននឹង​នាវាល្បាតមួយគ្រឿង​​របស់កងទ័ពជើងទឹក​ហ្វីលីពីន រួមទាំងទូកនេសាទ​ចំនួន ០៦គ្រឿង របស់វៀតណាម នៅលើផ្ទៃ​សមុទ្រក្បែរភាគខាងកើត​កោះ Luzon របស់ប្រទេស​ហ្វីលីពីន ហើយដោយសង្ស័យថា ជាការនេសាទ​ខុសច្បាប់ នាវាល្បាត​ហ្វីលីពីន​ក៏បានបើក​ដេញតាម​​ក្រុម​​ទូក​នេសាទ​វៀតណាម។ ក្រោយមកទៀត ទូកនេសាទ​មួយគ្រឿង ក៏បានបើកបុក​នាវាល្បាត ជាហេតុបណ្តាល​ឲ្យក្រុមនាវិក​​​ហ្វីលីពីន បើកការបាញ់ប្រហារ​ព្រមានតបតទៅវិញ ប៉ុន្តែក្រោយមក​ក៏បានរកឃើញថា ប្រជានេសាទ​វៀតណាម ០២នាក់បាន​ស្លាប់ ខណៈ​ ០៥​នាក់​ផ្សេងទៀត បានសម្រេចចុះចាញ់​ហើយចូលខ្លួន ឲ្យអាជ្ញាធរហ្វីលីពីន​ចាប់ខ្លួន៕