(ព្យុងយ៉ាង)៖ ប្រជាជនកូរ៉េខាងជើងរាប់ម៉ឺននាក់ បានប្រមូលផ្ដុំគ្នា​នៅកណ្តាលទីក្រុងព្យុងយ៉ាង ដើម្បីធ្វើបាតុកម្ម​តវ៉ាទ្រង់ទ្រាយធំ​ប្រឆាំង​នឹងសហរដ្ឋអាមេរិក នៅក្នុងបរិបទ​ដែលមេដឹកនាំលោក គីម ជុងអ៊ុន កំពុងបង្កើន​វោហាស័ព្ទ​ធ្វើសង្រ្គាមជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA ដកស្រង់ដោយ​សារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាម KCNA​ ប្រជាជនកូរ៉េខាងជើង​ច្រើនជាង ១០០,០០០នាក់ បានប្រមូលផ្ដុំ​គ្នា​ធ្វើបាតុកម្មតវ៉ាប្រឆាំង​សហរដ្ឋអាមេរិក នៅឯទីលាន Kim Il Sung កាលពីចុង​សប្ដាហ៍កន្លងទៅ។ ជាមួយគ្នា​នោះ KCNA ផ្អែកលើការដកស្រង់​សម្ដីពីមន្ត្រី​យោធាជាន់ខ្ពស់​កូរ៉េខាងជើង លោក រី អ៊ីលប៊ែ (Ri Il-bae) បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងរង់ចំា​ពេលវេលា​ នៃការសម្រេចចិត្ត​ចុងក្រោយ ដើម្បី ប្រយុទ្ធកម្ចាត់​ចក្រពត្តិ​បិសាចដូចជា​សហរដ្ឋអាមេរិក ចេញពីពិភពលោក... ហើយឱ្យតែ​មានបញ្ជា​ពី​មេបញ្ជាការកំ​ពូល លោក គីម ជុងអ៊ុន ភ្លាម​យើងនឹងបំផ្លាញពួក​សត្រូវឈ្លានពាន​ដោយ អាវុធបដិវត្តន៍​របស់ពួក​យើង»

គួរបញ្ជាក់ថា បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ គំរាមកម្ទេច​កូរ៉េខាងជើងឱ្យក្លាយ​ទៅជាផេះ នៅអំឡុងកិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃអង្គារ​សប្ដាហ៍មុន មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថា នឹងចាត់វិធានការ​ឆ្លើយតប​ក្នុងកំរិតខ្ពស់​បំផុត ហើយថា​តាមរយៈ​ការព្រមាននេះ បង្ហាញយ៉ាងច្បាស់ថា ផ្លូវដែល​ប្រទេស​របស់លោក​កំពុងដើរសព្វថ្ងៃគឺ​ត្រឹមត្រូវ​បំផុត៕​