(ប៊ែរឡាំង)៖ លោកស្រី អាន់ជែឡា មឺគែល (Angela Merkel) ដែលជាក្បាលម៉ាស៊ីន​ក្រុមអ្នកភិរក្សនិយម​នៅអាល្លឺម៉ង់ បានទទួលជ័យជម្នះ​នៅក្នុងការបោះ​ឆ្នោតសភា កាលពី​ថ្ងៃអាទិត្យ​ ដើម្បីឆ្ពោះ​ទៅរក​ការកាន់​ដំណែងជា​អធិការបតី ០៤ អាណត្តិជាប់ៗគ្នា ចាប់តាំងពី​ឆ្នាំ២០០៥ ខណៈគណបក្ស​ក្រុមអ្នកជាតិនិយម​ បានបង្កើតប្រវត្តិសាស្ត្រថ្មី​ចូលអង្គុយ​ក្នុងសភា​អាល្លឺម៉ង់ (Bundestag)។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមលទ្ធផល​បោះឆ្នោត ក្រុមកម្លាំងនយោបាយ​ចម្រុះរបស់ លោកស្រី Merkel គឺគណបក្ស CDU និង CSU ទទួលបាន​សំឡេងគាំទ្រ ៣២.៩ភាគរយ តែវាជាលទ្ធផល​ដ៏អាក្រក់ បំផុតនារយៈពេល​ជិត ៧០ឆ្នាំ មកនេះ បើទោះជា​គណបក្ស​ទាំងពីរនេះ​នៅតែរក្សាសំឡេងភាគច្រើន នៅក្នុងសភាដដែលក៏ដោយ។

ជាងនេះទៅ​ទៀត គណបក្ស​ដែលធ្លាប់តែ​ជាដៃគូររបស់​លោកស្រី គឺគណបក្សសង្គម​ប្រជាធិបតេយ្យ (SPD) ដឹកនាំដោយ លោក ម៉ាទីន ស្កាល់ (Martin Schulz) ក៏ទទួលបានលទ្ធផល​អាក្រក់ដែរ គិតចាប់តាំងពីឆ្នាំ១៩៤៩មក ដោយទទួល​បានសំឡេង​គាំទ្រ ត្រឹមតែ ២០.៨ភាគរយ​ប៉ុណ្ណោះ ខណៈគណបក្ស​អ្នកជាតិ​និយម AFD​ បានបង្កើត​ប្រវត្តិសាស្ត្រថ្មី​ នៅក្នុងការបោះឆ្នោត​សភានេះ ជាមួយសំឡេងគាំទ្រ ១៣.១ភាគរយ និងក្លាយជាកម្លាំង​នយោបាយធំទី០៣ នៅក្នុងប្រទេស​អាល្លឺម៉ង់។

គួរបញ្ជាក់ថា គេត្រូវរង់ចាំទាល់តែការបង្កើតក្រុមចំរុះថ្មីជាផ្លូវការចប់រួចរាល់សិន ទើបលោកស្រី Angela Merkel នឹងត្រូវបានតែងតាំងជាផ្លូវការ​ ជាអធិការបតីអាល្លឺម៉ង់នាអាណត្តិទី០៤ បន្តទៀត។ ក៏ប៉ុន្តែ​ផ្អែកលើ​លទ្ធផលនៅពេលនេះ លោកស្រី Merkel មានការលំបាកណាស់​ក្នុងការបង្កើត​ក្រុមចំរុះ ដើម្បីដឹកនាំរដ្ឋាភិបាល ត្បិតសូម្បី​តែលោក Martin Schulz ក៏បាននិយាយដែរ​ថា លទ្ធផលបោះឆ្នោតនេះ បង្ហាញពីការ​បញ្ចប់ក្រុមចំរុះ​ដ៏ធំ ជាមួយ​លោកស្រី៕