(ម៉ិចស៊ីកូ)៖ អាជ្ញាធរម៉ិចស៊ីកូ​បានឱ្យដឹងថា ចំនួនមនុស្សស្លាប់​ក្នុងការ​វាយប្រហារ​ដោយគ្រោះ​រញ្ជួយដី​កម្រិតធ្ងន់ កាលពី​ថ្ងៃអង្គារ​សប្តាហ៍​មុន នៅតំបន់ភាគ​កណ្តាលប្រទេស​​ម៉ិចស៊ីកូ បានកើន​ឡើងដល់ ៣២០នាក់ហើយ ខណៈក្រុមភ្នាក់ងារ​ជួយសង្រ្គោះ​នៅតែបន្តខិតខំ​ស្វែងរក​ អ្នកដែលនៅជាប់ក្រោម​គំនរបាក់បែក​នៃអគារ​ដួលរលំ។ នេះបើតាមការ​ចេញផ្សាយដោយ ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរ​ម៉ិចស៊ីកូ មនុស្សជាងពាក់កណ្តាល​នៃចំនួនអ្នកបាត់បង់ជីវិត​ខាងលើ គឺជាប្រជាជនរស់នៅ​ក្នុងរដ្ឋធានីម៉ិចស៊ីកូ​ស៊ីធី (Mexico City) ដែលមានចំនួន ១៨០នាក់។ ចំណែកឯមនុស្សជាច្រើននាក់ទៀត ត្រូវគេជឿជាក់ថា កំពុងជាប់នៅក្រោមគំនរ​អគារ ដួលរលំដោយសារ​គ្រោះរញ្ជួយដី​ដ៏ប្រល័យក្នុងរយៈពេលជាង ៣២ឆ្នាំមកនេះ។

គួររំលឹកថា គ្រោះរញ្ជួយផែនដីកម្រិត ៧.១រ៉ិចទ័រ ជាមួយចំណុចរំញ័រនៅក្នុងរដ្ឋ ភើប្លា (Puebla) ភាគអាគ្នេយ៍ទីក្រុងម៉ិចស៊ីកូ​ស៊ីធី បានធ្វើការ​វាយប្រហារកាលពី​ថ្ងៃអង្គារសប្តាហ៍នេះ ដោយ ចំគម្រប់ខួប​នៃថ្ងៃដែល គ្រោះរញ្ជួយដី​ដ៏សាហាវ​កម្រិត ៨.០រ៉ិចទ័រ បានផ្តាច់យកអាយុជីវិត​មនុស្សប្រមាណ ៩,៥០០នាក់ នៅម៉ិចស៊ីកូ​កាលពី​ឆ្នាំ១៩៨៥៕