(អូតាវ៉ា)៖ កាណាដា​ដែលជាអ្នកក្បែរខាង​របស់សហរដ្ឋអាមេរិក បានប្រកាសដាក់​ទណ្ឌកម្ម​ទៅលើ បុគ្គលវេណេស៊ុយអេឡា​ចំនួន ​៤០​រូប ដោយ​ក្នុង​នោះ​​រួម​មានទាំង​ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ផងដែរ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាម​សេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេស​កាណាដា នៅក្រោមច្បាប់​ចំណាត់ការ​សេដ្ឋកិច្ច​ពិសេស រដ្ឋាភិបាល​អូតាវ៉ា​ នឹងធ្វើការដាក់​ទណ្ឌកម្ម ប្រឆាំងនឹងបុគ្គល​ទាំងឡាយណា ដែលបានចូលរួម​ដើរតួនាទី​សំខាន់ៗ នៅក្នុងការ​បំផ្លិចបំផ្លាញ សន្តិសុខ​, ស្ថិរភាព, និងបូរណភាព បណ្តាស្ថាប័ន​ប្រជាធិបតេយ្យ នៅក្នុងប្រទេស​វេណេស៊ុយអេឡា។

វិធានការថ្មីនេះ រួមមានទាំងការបង្កក​ទ្រព្យសម្បត្តិ​របស់ជនទាំងឡាយ ដែលមានឈ្មោះ​ក្នុងបញ្ជី និងការហាមឃាត់​មិនឲ្យជនជាតិ​កាណាដា ធ្វើការទាក់ទង ឬផ្តល់សេ​វា​​ហិរញ្ញវត្ថុ ក៏ដូចជា​សេវា​ពាក់ព័ន្ធ​ដទៃៗទៀត ដល់​ពួក​​គេ​​ទាំងនោះឡើយ ទោះបីជា​ក្នុងទម្រង់ណា​ក៏ដោយ។

រដ្ឋមន្រ្តីការបរទេស​កាណាដា លោកស្រី Chrystia Freeland បានថ្លែងថា «ការប្រកាស​ពីទណ្ឌកម្មនេះ ប្រឆាំងនឹងរបបដឹកនាំ​របស់​លោក នីកូឡាស់ ម៉ាឌូរ៉ូ បានគូសបញ្ជាក់​យ៉ាងច្បាស់ ពីការប្តេជ្ញាដ៏មុតមាំ​របស់យើង ក្នុងការការពារ​លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ​មនុស្ស នៅជុំវិញ​ពិភពលោក។ កាណាដា នឹងឈរដោយ​សាមគ្គីភាពជាមួយ ប្រជាពលរដ្ឋ​វេណេស៊ុយអេឡា ខណៈពួកគេ​កំពុង​​ប្រឈមទុក្ខលំបាក ដើម្បីធ្វើការស្តារ​លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេស​របស់ពួកគេ​ឲ្យរស់ឡើងវិញ»

គួរបញ្ជាក់ថា ប្រទេសកាណាដា​ជាច្រើនលើកច្រើនសា បានទទូចឲ្យ​រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ស្តារសណ្តាប់ធ្នាក់​រដ្ឋធម្មនុញ្ញ​ឡើង​វិញ ហើយដោះលែង​រាល់អ្នកទោស​នយោបាយ នៃប្រទេស​អាមេរិកឡាទីន​មួយនេះ ចាប់តាំងតែពី លោក ម៉ាឌូរ៉ូ បានបង្កើតឲ្យមាន​ការបោះឆ្នោត​កាលពី​ខែកក្កដាកន្លងទៅ ដើម្បីបង្កើ​សភាធម្មនុញ្ញថ្មី។ ដោយឡែក​ចំពោះ​ការដាក់ទណ្ឌកម្មនេះ ពុំទាន់មាន​ការ​អត្ថា​ធិប្បាយ​ឆ្លើយតបណាមួយ ពីរដ្ឋាភិបាល​វេណេស៊ុយអេឡា​នៅឡើយទេ៕