(វ៉ាស៊ីនតោន)៖ យានអវកាស «អូសាយរីស-រិច (OSIRIS-REx)» របស់អង្គការ NASA ដែលមានគោលដៅ​ឆ្ពោះទៅអាចម៍ផ្កាយនោះ បានវិលត្រឡប់​មកកៀកផែនដី ហើយបានប្រើប្រាស់ក​ម្លាំងទំនាញ​នៃភពរបស់យើង ដោយជោគជ័យ ដើម្បីរុញច្រាន​ខ្លួនវាកាន់តែ​លឿន​ថែមទៀត នៅលើដងវិថីឆ្ពោះ​ទៅកាន់អាចម៍ផ្កាយ​ដ៏ធំមួយដុំ មានឈ្មោះថា «បេណនូ (Bennu)»។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។

ការត្រឡប់មក​លាភពផែនដីជាលើក​ទីពីរនេះ ធ្វើឡើងនៅរយៈចម្ងាយ​ប្រមាណ ១៧,២៣៧គីឡូម៉ែត្រ​ប៉ុណ្ណោះ ពីលើទ្វីប​អង់តាក់ទិក នៅចុងភាគខាងត្បូង​នៃទ្វីបអាមេរិក​ខាងត្បូង។ បើតាមសេចក្តីថ្លែងការណ៍​របស់ NASA យាន OSIRIS-REx មិនបានទៅ​ហើយមក​វិញ ដោយសារតែ​វាកើតជំងឺនឹកផ្ទះ​នោះឡើយ ដោយការ​ហោះ Flyby នាពេលថ្មីៗនេះ ត្រូវបានរចនា​ឡើង ដើម្បីបង្កើន​ល្បឿន និង​កែសម្រួលផ្លូវ​ធ្វើដំណើរ របស់យាន​អវកាសនេះ ទៅកាន់អាចម៍​ផ្កាយ Bennu ដែលមានមុខកាត់ ៥០០ម៉ែត្រ ដែលកំពុងវិលជុំវិញព្រះ​​អាទិត្យ។

បច្ចេកទេស «ជំនួយកម្លាំងទំនាញ» នេះ គឺជារឿងនិយម​ធ្វើឡើងណាស់ នៅក្នុងបេសកកម្ម​ទៅកាន់ភពនានា តួយ៉ាងយាន​អវកាស​ Juno របស់ NASA ដែលស្រាវជ្រាវ​ភព្រហស្បតិ៍ (Jupiter) បានហោះកាត់ផែនដី​ជាថ្មីម្តងទៀត កាលពីខែតុលា ឆ្នាំ២០១៣ ពោលគឺ​ជាង ០២ឆ្នាំ ក្រោយពីវាត្រូវ​បានបាញ់បង្ហោះ ហើយបង្កើន​ល្បឿនបានប្រមាណ ១៤,២០០គីឡូម៉ែត្រ/ម៉ោង តាមរយៈការ​ធ្វើបែបនោះ។ ដោយឡែក​សម្រាប់ការ​ហោះ Flyby របស់ OSIRIS-REx មកកៀក​ផែនដីវិញ បានបង្កើនល្បឿន​បន្ថែម ១៣,៦០១គីឡូ​ម៉ែត្រ​ក្នុង/​ម៉ោង។

គួរបញ្ជាក់ថា បេសកកម្មយាន OSIRIS-REx ដែលមានតម្លៃ ៨០០លានដុល្លារនេះ ត្រូវបានបាញ់បង្ហោះ​កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ​២០១៦ ហើយត្រូវធ្វើដំណើរ​​ផ្សងព្រេង​រយៈពេល ០៧ឆ្នាំ ដើម្បីទៅជួប​ជាមួយ ក៏ដូចជាសិក្សា រួមទាំងត្រឡប់​ជាមួយ​គំរូតាង (Sample) នៃ​អាចម៍​​ផ្កាយ Bennu មកកាន់ផែនដីវិញ។

បើសិនជាអ្វីៗប្រព្រឹត្ត​​ទៅតាម​ការគ្រោងទុក OSIRIS-REx នឹងទៅដល់គោលដៅ​នៅខែសីហា ឆ្នាំ២០១៨ រួចហើយចំណាយពេល​ ០២ឆ្នាំបន្ទាប់ ថតយករូបភាព និងគូស​វាសផែនទី នៃផ្ទៃរបស់​អាចម៍ផ្កាយ Bennu ដើម្បីបង្កើនការយល់ដឹង ពីសមាធាតុផ្សំគីមី និងរ៉ែ​​របស់វា រួមទាំងធ្វើការជ្រើស​ទីតាំងសម្រាប់​ធ្វើការប្រមូលយក Sample មកវិញផងដែរ។

ក្រោយមក ដល់​ខែកក្កដា ឆ្នាំ២០២០ OSIRIS-REx នឹងប៉ះជាមួយអាចម៍​ផ្កាយនោះ ក្នុងអំឡុងពេលត្រឹមតែ ០៣វិនាទីប៉ុណ្ណោះ ដើម្បី​ប្រមែប្រមូលយក កម្ទេចថ្ម និងធូលីសរុបយ៉ាង​តិចទម្ងន់ ៦០ក្រាម តាមរយៈឧបករណ៍​ពិសេសមួយ ហើយរក្សាទុកសារធាតុទាំងនោះ​នៅក្នុងកន្លែង​ស្តុក Sample។ យានអវកាសនេះ នឹងចាកចេញ​ពី Bennu នៅខែមីនា ឆ្នាំ២០២១ ហើយធ្វើដំណើរ​ក្នុងលំហអវកាស​​​ សម្រាប់រយៈពេល ០២ឆ្នាំកន្លះ ក្នុងគន្លងឆ្ពោះ​មកកាន់ផែនដី​វិញ នៅខែកញ្ញា ឆ្នាំ២០២៣។

ទីភ្នាក់ងារអវកាស NASA បានឲ្យដឹងថាគំរូ Sample នៃអាចម៍ផ្កាយដ៏​ចំណាស់នេះ នឹងជួយក្រុមអ្នក​វិទ្យាសាស្រ្ត យល់ដឹងកាន់តែទូលំទូលាយ អំពីការចាប់កំណើត​នៃប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង កាលពីជាង ៤.៥ពាន់លានឆ្នាំមុន៕