(ឈីកាហ្គោ)៖ ក្រុមហ៊ុនផលិតយន្តហោះធំបំផុតរបស់អាមេរិក Boeing បានប្រកាស​នៅក្នុង​វែបសាយរបស់ខ្លួនថា ក្រុមហ៊ុនអាកាសចរណ៍តួកគី Turkish Airlines នឹងធ្វើការបញ្ជា​ទិញ​យន្តហោះប្រភេទ 787-9 Dreamliners ចំនួនសរុប ៤០គ្រឿង ដែលមានតម្លៃក្នុងការចុះ​កិច្ចព្រៀមចំនួន ១១ពាន់លានដុល្លារអាមេរិក ខណៈប្រធានាធិបតី លោក តាយយីព អេដូហ្គាន់ (Tayyip Erdogan) បានមកបំពេញទស្សនកិច្ច​នៅអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។

កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនរដ្ឋតួកគីខាងលើនេះ នឹងត្រូវសម្រេចឡើងក្នុងពេលឆាប់ៗ ដោយយន្តហោះប្រភេទ Dreamliners គឺស្ថិតនៅក្នុង​លំដាប់ស្តង់ដារជួរមុខ ដែលប្រកបដោយបច្ចេកវិទ្យាទំនើបចុងក្រោយលើលោក​។ អាកាចរណ៍តួកគីបានអះអាងថា ការគ្រោងបញ្ជាទិញពេលនេះ គឺតបទៅតាមតម្រូវការរបស់អតិថិជន​របស់ខ្លួន ដែលចង់បានយន្តហោះប្រភេទធំទូលាយជាងមុន ហើយនេះក៏ជាគោលការណ៍​របស់​ក្រុមហ៊ុន ដែលចង់បង្កើនសមត្ថភាពដឹកជញ្ជូន និងសេវាកម្មដ៏ល្អដល់អ្នកដំណើររបស់ខ្លួន។

គួរបញ្ជាក់ថា រដ្ឋាភិបាលតួកគី​របស់ លោក Erdogan បានបង្ហាញពីគោលដៅជួរមុខរបស់​ខ្លួនសម្រាប់​អភិវឌ្ឍន៍វិស័យអាកាសចរណ៍​ឆ្នាំ២០២៣ ក្នុងនោះការទិញ​យន្តហោះ​ពី Boeing ក៏ស្ថិតនៅក្នុងរបៀបវារៈ ដែលមេដឹកនាំរូបនេះ​បានរៀបចំរួចជាស្រេចមកហើយផងដែរ៕