(ប៉ារីស)៖ ប្រទេសបារាំង​កំពុងធ្វើការពិចារណា មិនចូលរួមក្នុងព្រឹត្តិការណ៍​ប្រកួតកីឡា​អូឡាំពិកដូវរងារ (Winter Olympics) ឆ្នាំនេះ​ ដែលគ្រោងនឹង​ប្រព្រឹត្តទៅនៅ​ស្រុកព្យុងចាង (Pyeongchang) នៃប្រទេស​កូរ៉េខាងត្បូង ដោយសារតែក្តីកង្វល់​លើបញ្ហាសុវត្ថិភាព។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧។

លោកស្រី ឡូរ៉ា ហ្វ្លែសសេស (Laura Flesses) រដ្ឋមន្រ្តីកីឡានៃប្រទេសបារាំង បានឲ្យដឹងថា ក្រុមកីឡាករបារាំង នឹងមិនធ្វើដំណើរទៅ​ចូលរួម​ក្នុង​ព្រឹត្តការណ៍ Winter Olympics ឆ្នាំ២០១៨ នៅក្នុង​ស្រុក Pyeongchang ជាដាច់ខាត ប្រសិនបើ​សន្តិសុខសុវត្ថិភាព នៅទីនោះ​ មិនអាចត្រូវធានា​បានទាំងស្រុងទេនោះ ដោយលោកស្រីបាននិយាយដូច្នេះថា «យើងនឹងមិន​បណ្តោយឲ្យក្រុមរបស់យើង ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ឡើយ»។

ជាមួយគ្នានេះដែរ មន្ទិលសង្ស័យ​បានកើតមានឡើង ជាយូរណាស់​មកហើយថា ប្រទេសមួយចំនួន នឹងសម្រេចចិត្ត​មិនបោះបង ​ចោលការ​ចូលរួមក្នុងព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងានេះ ដែលគ្រោងនឹង​ចាប់ផ្តើមធ្វើឡើង​ពីថ្ងៃទី០៩ ដល់ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយសារតែទីតាំង​ភូមិសាស្រ្តរបស់ស្រុក Pyeongchang ស្ថិតនៅកៀក​នឹងព្រំដែនជាមួយ ប្រទេស​កូរ៉េខាងជើង ដែលនាពេលថ្មីៗ​ បានសម្តែងរិទ្ធិ​អំណាចយោធា​របស់ខ្លួន យ៉ាងខ្លាំងក្លា​ឥតសំចៃ។

ទោះជាបែបនេះក្តី លោក លី ហ៊ីបឺម (Lee Hee-beom) ប្រធានគណៈកម្មាធិការ​រៀបចំ​កីឡានៃស្រុក Pyeongchang បានបញ្ជាក់ថា អ្នករាល់គ្នា​មិនគួរ​មានក្តីព្រួយបារម្ភអំពី​កូរ៉េខាងជើងនោះឡើយ ពីព្រោះថា​កូរ៉េខាងជើង ក៏ទំនងជានឹង​បញ្ជូនក្រុមអត្តពលិក​របស់ខ្លួន ឲ្យទៅចូលរួម​​ប្រកួតក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ​ផងដែរ បន្ទាប់ប្រធានាធិបតី​កូរ៉េខាងត្បូង បានធ្វើការជំរុញ​លើកទឹកចិត្ត ឲ្យកូរ៉េខាងជើង​​ចូលរួម៕