(វ៉ាស៊ីនតោន)៖ ថ្លែងនៅចំពោះ​មុខអ្នកគាំទ្ររបស់​លោក ក្នុងរដ្ឋអាឡាបាម៉ា (Alabama) ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​​និយាយ​ថា លោក គីម ជុងអ៊ុន គួរតែត្រូវបាន​ចាត់ការតាំងតែពីយូរណាស់ហើយ សម្រាប់សកម្មភាព​​នៃ​អាវុធនុយក្លេអ៊ែរ​ របស់​មេ​​ដឹក​​នាំ​កំពូល​​កូរ៉េ​ខាង​ជើង​រូបនេះ។ នេះបើតាមការចេញ​ផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ​២០១៧។

នាឱកាសនោះ លោក ដូណាល់ ត្រាំ បានថ្លែងយ៉ាងដូច្នេះថា «យើងមិនអាចឲ្យមនុស្សឡប់សតិ ធ្វើការបាញ់មីស៊ីលដោយសេរីតាមចិត្ត ពាស​វាល​ពាស​កាល​អ៊ីចឹងឡើយ។ បុរសរ៉ុក្កែត គីម ជុងអ៊ុន គួរតែត្រូវបានចាត់ការឲ្យដាច់ស្រេចរួចរាល់ តាំងតែពីយូរណាស់មក​ហើយ មិនគួរបណ្តោយឲ្យអូសបន្លាយមកទល់ពេលនេះនោះទេ»

បន្ថែមពីនេះ កាលពីថ្ងៃទី១៩ ខែកញ្ញាថ្មីៗនេះ ក្នុងអំឡុងការថ្លែងសុន្ទរកថា​នៅចំពោះមុខមហាសន្និបាត UN លោក ត្រាំ បានអះអាង​ធ្ងន់ៗថា ខណៈសហរដ្ឋអាមេរិកមានកម្លាំងនិងភាពអត់ធ្មត់ខ្លាំង តែប្រសិនបើត្រូវបង្ខំឲ្យការពារខ្លួនឯង ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួន​ មហាអំណាច​ពិភព​លោក​មួយនេះ នឹងពុំមានជម្រើសអ្វីក្រៅពីកម្ទេចប្រទេសកូរ៉េខាងជើង ចោលទាំងស្រុងដែលមានចំនួន​​ប្រជាជន​ប្រមាណ២៥លាន​នាក់​នោះ​ឡើយ។ ម៉្យាងវិញទៀត លោក ត្រាំ ថែមទាំងបានហៅ ប្រមុខដឹកនាំ កំពូលផុតលេខកូរ៉េខាងជើង​ថាជា​​បុរសរ៉ុក្កែត ដែលកំពុងដើរលើ​ផ្លូវ​សម្លាប់​ខ្លួន​ឯង និងរបបដឹកនាំរបស់ខ្លួនទៀតផង។

ដោយឡែកជាការឆ្លើយតប លោក គីម ជុងអ៊ុន បានចំអកទៅវិញថា រូបលោកប្រាកដជា​នឹងបង្រ្កាបបុរសចាស់ទ្រុឌទ្រោមអាមេរិក ដែលប្រសៃប្រសាទនេះ ជាមួយភ្លើងកម្តៅ​ដ៏ខ្លាំងក្លា ហើយហៅមេដឹកនាំ​អាមេរិករូបនេះ ថាជាឆ្កែកំសាក​បានតែព្រុស​ប៉ុណ្ណោះ៕