(វ៉ាស៊ីនតោន)៖ សមត្ថកិច្ចទីក្រុងញូវយ៉ក បានចាប់ខ្លួនសមាជិកសភា នៃគណបក្សសាធារណរដ្ឋចំនួនបីរូប នៅមុខអគារពាណិជ្ជកមុ្មរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីពួកគេធ្វើបាតុកម្ម ប្រឆាំងការលុបចោលកិច្ចការពារជនអន្តោប្រវេសន៍ជាកុមារមកសហរដ្ឋអាមេរិក។

ការចាប់ខ្លួនសមាជិកសភាបែបនេះ បណ្តាលឱ្យមានការចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ថា បានបំពានអភ័យឯកសិទ្ធរបស់ សមាជិកសភាទាំងនោះ។ ប៉ុន្តែបើយោងតាមមាត្រា១ ចំណុច៦ នៃរដ្ឋធម្មនុញ្ញអាមេរិកបានចែងថា សមាជិកសភា ទទួលបានអភ័យឯកសិទ្ធរួចផុតពីការចាប់ខ្លួន គ្រប់ករណីទាំងអស់ ក្នុងពេលពួកគេចូលរួមក្នុងអង្គប្រជុំ ក្នុងសភា និងកំពុងធ្វើដំណើរចេញ ឬត្រឡប់មកសភា រាល់ពេលថ្លែង ឬកិច្ចពិភាក្សា ហើយមិនត្រូវបានសួរចម្លើយ នៅទីតាំងណាមួយផ្សេងខុសពីសភាបានឡើយ លើកលែងតែក្នុងករណីពួកគេប្រព្រឹត្តិអំពើក្បត់ជាតិ បទឧក្រិដ្ឋ និងការបំបែកបំបាក់សន្តិភាពជាតិ ព្រមទាំងផលប្រយោជន៍ជាតិ ដែលពួកគេមិនមានអភ័យឯកសិទ្ធរួចផុតពីការចាប់ខ្លួនឡើយ។

ទន្ទឹមនឹងការចេញបញ្ជាចាប់ខ្លួនសមាជិកបីរូបនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមបញ្ជាក់អះអាងថា «ក្នុងនាមជាប្រធានាធិបតី សហរដ្ឋអាមេរិក ជានិច្ចកាលខ្ញុំតែងតែចាត់ទុកផលប្រយោជន៍អាមេរិកជារឿងអាទិភាព។ សម្រាប់អ្នកក៏ដូចគ្នាក្នុងនាមជាមេដឹកនាំប្រទេស អ្នកត្រូវតែគិតគូរពី ផលប្រយោជន៍ប្រទេសអ្នកមុនគេបង្អស់ផងដែរ»។ នេះជាការលើកឡើងរបស់លោក ដូណាល់​ ត្រាំ ក្នុងពេលថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៧កន្លងទៅនេះដោយមានវត្តមានជាង១០០ ប្រទេសចូលរួម និងគាំទ្រសំដីរបស់លោក។

​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាត់ទុកថា ការដឹកនាំធ្វើបាតុកម្មជាការរារាំងដល់គម្រោងការ និងផលប្រយោជន៍ប្រទេសជាតិ ហើយចាត់ទុកថា ជារឿងខុសច្បាប់ ទើបប្រធានាធិបតីអាមេរិករូបនេះមានសិទ្ធចេញបញ្ជាចាប់ខ្លួនសមាជិកសភាទាំងបីរូប។

សូមជម្រាបថា សមាជិកសភារបស់បក្សសាធាណរដ្ឋបីរូប ក្នុងនោះមានដូចជាលោក Raúl Grijalva មកពីរដ្ឋ Arizona, លោក Luis Gutiérrez មកពីរដ្ឋ Illinois និង លោក Adriano Espaillat នៅទីក្រុងញូវយ៉កបានប្រមូលផ្តុំក្នុងទីក្រុង ញ៉ូវយកដើម្បីធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក ដូណាល់ ត្រាំ។ មិនតែប៉ុណ្ណោះ សមាជិកសភាទាំងនេះ ក៏ទទួលបានការគាំទ្រពីសំណាក់អ្នកតវ៉ាមួយក្រុមតូចផងដែរ នៅក្បែរអគារពាណិជ្ជកម្មរបស់លោក ត្រាំ (Trump Tower) ហើយក្រោយមក ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដោយសារពួកគេមិនព្រមដកថយតាមបទបញ្ជា៕