(វ៉ាស៊ីនតោន)៖ ​រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននឹងកំពុងគ្រោងរៀបចំចាត់ប្រទេសបន្ថែមទៀត ចូលទៅក្នុង​បញ្ជី​នៃ​​ជនអន្តោប្រវេសន៍ មកពីប្រជាជាតិមូស្លីមមួយចំនួន ដែលត្រូវ​​បាន​ហាម​ឃាត់​មិនឲ្យ​ធ្វើ​ដំណើរ មកកាន់សហរដ្ឋអាមេរិក ស្របពេល​​ដែលសេតវិមាន ត្រៀមនឹងធ្វើការកែប្រែ ឬមួយក៏ជំនួស បំរាមធ្វើដំណើរដ៏ចម្រូងចម្រាសនេះ មុនពេលផុតសុពលភាព។ នេះ​បើ​តាម​​សេចក្តីរាយការណ៍របស់កាសែត Wall Street Journal ដកស្រង់​ដោយ​សារ​ព័ត៌​មាន USA Today នៅយប់ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។

គម្រោងនៃការកែសម្រួលឬផ្លាស់ប្តូរនេះ បានស្ថិតក្រោមការពិចារណាអស់រយៈពេលជាច្រើនសប្តាហ៍កន្លងម​កហើយ ដើម្បី​ត្រៀម​លក្ខណៈសម្រាប់ថ្ងៃផុតសុពលភាព នៃបំរាមធ្វើដំណើររយៈពេល៩០ថ្ងៃ ចំពោះបណ្តាប្រទេសចំនួន០៦ នៅតំបន់មជ្ឈិមបូព៌ា​ និងអា​ហ្វ្រិក​​ខាងត្បូង រួមមាន អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយេម៉ែន ពោលគឺនៅថ្ងៃអាទិត្យសប្តាហ៍នេះ។

គួរបញ្ជាក់ថា បំរាមហាមឃាត់ការធ្វើដំណើរខាងលើ ត្រូវបានកែសម្រួលម្តងរួចមកហើយ បន្ទាប់ពីបំរាមដំបូងបំផុត ត្រូវបាន​តុលាការ​អាមេរិក​រារាំង ហើយក្រោយមកបំរាមជំនាន់ទី០២នេះ ក៏បានចូលជាធរមានកាលពីខែមិថុនាកន្លងទៅ៕