(បរទេស)៖ មនុស្សមួយចំនួន ឬសូម្បីតែជនជាតិចិនផ្ទាល់ ភាគច្រើន​ប្រហែលជាមិន​ដឹងទេថា បុគ្គលចុង​ក្រោយគេបំផុត ដែលបានឡើងជិះ​នៅ​លើទូកសង្រ្គោះ (Lifeboat) នៃកប៉ាល់​យក្សដ៏ល្បីឈ្មោះ «ទីតានិក (Titanic)» ដែលបានលិច​នៅកណ្តាល ផ្ទៃមហាសមុទ្រ​ទឹកកក​អា​​ត្លង់​ទិក​ កាលពី​ឆ្នាំ១៩១២នោះ គឺជាជនជាតិ​ចិន ដោយក្នុងចំណោម​ជនជាតិចិន​ចំនួន ០៨នាក់ ធ្វើដំណើរនៅ​លើកប៉ាល់ ដែលមាន​រហស្ស​នាមថា «Unsinkable Ship (កប៉ាល់មិន​អាចលិចបាន)» នេះ​មានតែ ០៦នាក់ប៉ុណ្ណោះ បានរួចជីវិតពី​ចង្កូមមច្ចុរាជ នៃមហា​សោកនាដកម្ម​នាពេលនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ​២០១៧។

យ៉ាងណាមិញ រឿងរ៉ាវនៃ​ជនជាតិចិន ដែលនៅរស់រាន​មានជីវិតទាំង ០៦នាក់ ក៏ត្រូវបាន​គេផ្សព្វផ្សាយចេញ​ទៅក្រៅ​ពាស​ពេញ​ពិ​ភព​លោក ក្រោយ​គ្រោះថ្នាក់​លិចកប៉ាល់ខាងលើ ប៉ុន្តែនៅ​ក្នុងនោះ អ្នកទាំងនេះត្រូវបាន​គេអះអាងថា ជាជនកំសាក ដែលបានប្រើ​ល្បិចឆ្លៀត​ឱកាសលួចចូល​ទៅក្នុងទូកសង្រ្គោះ ឬក៏ជាបុរស​គួរឲ្យស្អប់ខ្ពើម​មួយក្រុម ដែលបានឆក់យក​ឱកាស​ដើម្បីរួចរស់ជីវិត​ពី​អ្នកដទៃ តាមរយៈការបន្លំ​ខ្លួនស្លៀកពាក់​ជាស្រ្តីភេទ។

ដោយឡែក សម្រាប់ផលិតករ​ភាពយន្តជនជាតិ​អង់គ្លេស គឺលោក អាស្សឺរ ចូនស៍ (Arthur Jones) វិញ វាហាក់ដូចជា​ពុំគួរឲ្យជឿនោះ​ឡើយ ដែលគ្មានជនជាតិ​ចិនខាងលើណាម្នាក់ បានទទួល​​ការចាប់​អារម្មណ៍​ពីអន្តរជាតិ ក៏ដូចជាមនុស្ស​ទូទាំងពិភពលោក ហើយ​​លោក Jones ក៏សឹងតែមិន​ជឿដែរថា ប្រជាជនក្នុងប្រទេសចិន​ផ្ទាល់ភាគច្រើន មិនទាំងដឹង​ផងដែរថា មានរឿងរ៉ាវទាក់ទងនឹងចិន​ដ៏អស្ចារ្យ​​មួយ នៅ​ពី​​ក្រោយ​សោក​នាដ​កម្ម​ជាប្រវត្តិសាស្រ្តនេះ។

បច្ចុប្បន្ន​លោក Arthur Jones រួមទាំងក្រុម​ការងារ កំពុងចងក្រងជាខ្សែភាពយន្ត​ឯកសារមួយ មានឈ្មោះថា «The Six» ដែលស្តែង​ពី​​ដំណើររឿង​នៃជនជាតិចិន​ទាំង ០៦នាក់ និងកូនចៅជំនាន់​ក្រោយរបស់ពួកគេ ហើយ​ភាពយន្តនេះ​ត្រូវគេរំពឹងថា នឹងចាប់ដាក់​បញ្ចាំង​នៅកំឡុងដើម​ឆ្នាំក្រោយ។ ថ្លែងក្នុងបទសម្ភាសន៍​ជាមួយសារព័ត៌មាន​ចិន Global Times លោក Jones បានលើក​ឡើងថា «វាពុំមែន​​ជា​រឿង​រ៉ាវ​ រៀបរាប់​ពីឥរិយាបថ​អាក្រក់ៗ និងគួរឲ្យ​អាប់ឱន​នោះឡើយ តែជារឿងប្រកប​ដោយភាពវិជ្ជមាន ស្តែងពីការ​ខិតខំតស៊ូ​​ដើម្បីរស់រាន​មានជីវិតរបស់​ជនជាតិចិនទាំង ០៨នាក់ ដែលនៅ​លើកប៉ាល់ Titanic ទោះបី​ជា ០២នាក់ ក្នុងចំណោមនោះ បាន​បាត់​បង់​​ជីវិត​​យ៉ាងណាក្តី​។ ម៉្យាងវិញទៀត រឿងរ៉ាវ​របស់ពួក សាកសមនឹង​ត្រូវពិពណ៌នា នៅក្នុងលក្ខណៈ​ដែលប្រកបដោយ​ក្តីគោរព និង​ស្មោះ​ត្រង់​​ត្រឹមត្រូវ​»

គួរបញ្ជាក់ថា RMS Titanic ដែលជាកប៉ាល់​ដឹកអ្នកដំណើររបស់​ចក្រភពអង់គ្លេស បានលិចទៅក្នុងមហាសមុទ្រអាត្លង់ទិក​ភាគខាង​ជើង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ បន្ទាប់ពីវាបានប៉ះបង្គិច​ជាមួយផ្ទាំងទឹកកកដ៏ធំមួយ ក្នុងអំឡុងការធ្វើដំណើរ​នាវាចរណ៍លើក​ទី០១របស់វា ចេញពីទីក្រុង​សោតហាមតុន (Southampton) របស់អង់គ្លេស ទៅកាន់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ ក្នុងសោកនាដ​កម្ម​​​​លិចកប៉ាល់នេះ មានមនុស្សតែ ៧១២នាក់ប៉ុណ្ណោះ (ភាគច្រើនបំផុតជាពួកអភិជន) ដែលបានរួចរស់ជីវិត ក្នុងចំណោម​មនុស្សប្រមាណ ២,២០៧នាក់ នៅលើកប៉ាល់៕