​(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ួហានី នៅថ្ងៃសុក្រនេះ​បានប្តេជ្ញាថា ប្រទេសនេះ​នឹងបង្កើនសមត្ថភាព​មីស៊ីល និងយោធារបស់ខ្លួន​ឱ្យកាន់តែ​ខ្លាំង បន្ទាប់ពីត្រូវ​បានប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ តិះដៀលខ្លាំងៗនៅចំពោះគេឯងថាជា «រដ្ឋទំនើងបាតផ្សារ» និង «ផ្ដាច់ការ-ពុករលួយ»។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅអំឡុងពិធីព្យុហយាត្រាយោធា ដើម្បីរំលឹកដល់ការផ្ទុះ​សង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់ ឆ្នាំ១៩៨០ លោក រ៉ួហានី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «​ទោះបីជាអ្នក (​សហរដ្ឋអាមេរិក) ចង់​ឬមិនចង់ក៏​ដោយ យើង​នឹងបង្កើន​សមត្ថភាព​យោធា និងមីស៊ីលរបស់​យើង​ឱ្យកាន់តែខ្លាំង​ក្លា រហូតដល់កា្លយជា​មធ្យោបាយ​កំញើញមួយដ៏​មានប្រសិទ្ធភាព (...) ដើម្បីការពារ​ប្រទេសជាតិ​របស់យើង ហើយក៏មិន​ចាំបាច់ទៅសុំ​ការអនុញ្ញាតពី​នរណាម្នាក់នោះដែរ»

គួរបញ្ជាក់ថា កាលពី​ថ្ងៃទី១៩ ខែកញ្ញា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមពាក់​មុខយក្សដាក់គ្នាជាថ្មី ក្រោយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានយកវេទិកា​មហាសន្និបាត នៃអង្គការ​សហប្រជាជាតិ ដៀលអ៊ីរ៉ង់ចំៗ​ថាជា «រដ្ឋទំនើងបាតផ្សារ» និង «ផ្ដាច់ការ-ពុករលួយ»។ មិនតែប៉ុណ្ណោះ​លោក ត្រាំ ក៏បានចាត់ទុកផងដែរ​ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់​កាលពីឆ្នាំ២០១៥ គឺជាកិច្ច​ព្រមព្រៀង​​ដ៏អាក្រក់បំផុតសម្រាប់​សហរដ្ឋអាមេរិក។ យ៉ាងណា​ក៏ដោយ លោក ហាស្សាន រ៉ួហានី បានព្រមានថា ទីក្រុងតេហេរ៉ង់ នឹងមិនចូលរួម​កិច្ចចរចានុយក្លេអ៊ែរនេះសាជាថ្មី​ឡើយ បើសិនជាវាត្រូវទីក្រុង​វ៉ាស៊ីនតោន​លុបចោល ហើយអ៊ីរ៉ង់នឹងចាត់វិធានការ​ឆ្លើយតប ជាមួយនិងការប្ដេជ្ញា​ចិត្តយ៉ាងមុតមំាបំផុត៕