(ម៉ិចស៊ីកូ)៖ ចំនួនមនុស្សស្លាប់​​ដោយសារតែ​គ្រោះរញ្ជួយដីដ៏កក្រើក នៅភាគកណ្តាល​ប្រទេសម៉ិចស៊ីកូ កាលពីថ្ងៃអង្គារ​កន្លងទៅ​ បានកើនឡើង​យ៉ាងគំហុកដល់ ២៨២នាក់ហើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​សុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមសេចក្តី​ប្រកាស​ពីទីភ្នាក់ងារគាំពារ​ជនស៊ីវិលជាតិ​ម៉ិចស៊ីកូ ភាគច្រើននៃអ្នក​ដែលបានបាត់បង់ជីវិត គឺនៅក្នុងរដ្ឋធានី​ម៉ិច​ស៊ី​កូ​ស៊ីធី (Mexico City) ហើយចំនួនមនុស្សស្លាប់ ទំនងជាអាចនឹងកើនឡើង​​ខ្លាំង​ថែមទៀត ខណៈដែល​ប្រតិបត្តិការរុករក​ និង​ជួយ​​សង្រ្គោះ​អ្នកនៅរស់រានមានជីវិត ​កំពុងប​ន្តប្រព្រឹត្តទៅ ហើយសាកសព​​បន្ថែម កំពុងត្រូវគេទាញ​ចេញ​ពីគំនរ​បាក់​បែក​​នៃអគារ ដែលបានទទួលរង​ការបំផ្លិចបំផ្លាញ​ ដោយសារគ្រោះរញ្ជួយ​ផែនដី​កម្រិតធ្ងន់ធ្ងររហូតដល់ ៧.១រ៉ិចទ័រនេះ។

គួរបញ្ជាក់ថា ក្រៅពីនេះអគារប្រមាណ ៤០ខ្នង បានដួលរលំទាំងស្រុង ស្របពេល​ដែល ២,៩០០ខ្នង បានរងការ​ខូចខាត។ ជាមួយ​គ្នា​នេះ បើតាមក្រសួង​សុខាភិបាលម៉ិចស៊ីកូ មន្ទីរពេទ្យនានា​បានទទួលព្យាបាល​អ្នករបួស​ចំនួន ២,៦៣៣នាក់ ដោយភាគច្រើន​គឺនៅ​ក្នុងរដ្ឋធានី​របស់​ប្រទេសតែម្តង ជាទីដែលមាន​មនុស្សប្រមាណ ១,៩៩៨នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារ​គ្រោះ​រញ្ជួយ​ដី​​យ៉ាង​សាហាវ​ និងខ្លាំងក្លាប្រចាំឆ្នាំនេះ៕