(ហុងកុង)៖ តារាចម្រៀងប៉ុបលំដាប់ជួរមុខរបស់អាមេរិក នាង Ariana Grande នឹងមក​ប្រគុំ​តន្ត្រីដ៏ធំអស្ចារ្យមួយ នៅទីក្រុងហុងកុងប្រទេសចិន ខណៈដែលកងកម្លាំងប្រយុទ្ធប្រឆាំង​ភេរវកម្ម ត្រូវបានដាក់ពង្រាយពាសពេញតំបន់ជុំវិញឆាកប្រគុំតន្ត្រីតែម្តង ជៀសវាងការ​វាយ​ប្រហារណាមួយ ដូចដែលតារាប៉ុបវ័យក្មេងស្រស់ស្អាតមួយនេះ ធ្លាប់ជួបប្រទះកាលពីការ​ប្រគុំតន្ត្រីនៅទីក្រុង Manchester នៃចក្រភព​អង់គ្លេស។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ការពង្រាយកម្លាំងបែបនេះ មិនមែនជារឿងគួរឲ្យ​ភ្ញាក់ផ្អើលអ្វីទេ ប៉ុន្តែវាគឺជាការ​ធានាសុវត្ថិភាព​ដល់ក្រុមអ្នកទស្សនា​រាប់ពាន់រាប់ម៉ឺននាក់ ព្រមទាំងជាទំនុកចិត្ត​ដល់នាង Ariana ផងដែរ ព្រោះការវាយប្រហារនៅទីក្រុង Manchester កាលពីបួនខែមុន នៅក្នុងការប្រគុំតន្ត្រីរបស់នាងនោះ បានបណ្តាលឲ្យមនុស្ស ២០នាក់ស្លាប់ និងជាង ១៥០នាក់រងរបួស ដែលវាប្រាកដណាស់ថា ដិតដាមជាប់ក្នុងចិត្តនាងជានិច្ច។

សម្រាប់ការប្រគុំតន្ត្រី​ នឹងប្រារព្ធឡើងនៅយប់ថ្ងៃព្រហស្បតិ៍នេះ​ហើយ នៅក្នុងសាល AsiaWorld Expo នៃទីក្រុងសេដ្ឋកិច្ច ​ដ៏ធំរបស់ចិនមួយនេះ​តែម្តង។ អ្នកទស្សនា​​​មកពី​គ្រប់ទិសទី​​ត្រូវបានប្រកាស​ ទាក់ទាញឲ្យមកចូលរួមរីករាយជាមួយព្រឹត្តិការណ៍​ដ៏កម្រមាននេះ ដោយមានការធានា​អះអាងអំពីសន្តិសុខយ៉ាងពេញលេញ ពីសំណាក់​អាជ្ញាធរ៕