(ម៉ានីល)៖ វាមិនមែនជាលើកទី១ទេ ដែលលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន បានចេញបញ្ជាឲ្យសម្លាប់សាច់ញាតិរបស់ខ្លួន បើសិនជាសមត្ថកិច្ចរកឃើញថា ពួកគេណា​ម្នាក់​មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មគ្រឿងញៀន ហើយលើកនេះបន្ថែមទៀត លោកបានប្រាប់​ដោយ​ផ្ទាល់តែម្តង ទៅកាន់កូនប្រុសច្បង​របស់លោកថា «បញ្ជារបស់ខ្ញុំ​បានទៅដល់សមត្ថកិច្ចហើយ គឺពួកគេអាច​សម្លាប់កូនប្រុសបាន» ក្នុងករណី​ដែលកូន​ពិតជាមានជាប់ពាក់​ព័ន្ធ​​ការជួញដូរគ្រឿងញៀន​មែននោះ។ នេះបើតាម​ការ​​ចេញ​ផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នារសៀល​ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧។

សារព័ត៌មាន GMA ប្រចាំទីក្រុង ដាវៅ ត្រូវបានដកស្រង់​យ៉ាងដូច្នេះថា «បទបញ្ជានានា​របស់​ខ្ញុំ (ពុក) គឺត្រូវសម្លាប់អ្នក (កូនប្រុស) ប្រសិនបើអ្នកត្រូវបានគេ​រកឃើញបទល្មើស ហើយខ្ញុំ (ពុក) នឹងការពារចំពោះមន្ត្រីប៉ូលិស​ដែលសម្លាប់អ្នក»។ នេះជាសម្តីលោក ឌូតឺតេ និយាយទៅកាន់​កូនប្រុសច្បងរបស់​លោកឈ្មោះ Paolo Duterte ដែលជាអភិបាលរងទីក្រុងដាវៅ។

គួរបញ្ជាក់ថា លោក Paolo ឬឈ្មោះ​ហៅក្រៅថា Pulong រួមជាមួយនឹង កូនប្រសារ​ប្រុស​លោក ឌូតឺតេ ដែលមានតួនាទី​ជាមេធាវីគឺ លោក Manases Carpio បានទទួលរង​ការចោទ​ប្រកាន់​អំពីការលួចរត់ពន្ធ​គ្រឿង narcotics ជាបណ្តាញ ដែលអាជ្ញាធរ​ហ្វីលីពីន កំពុងព្យាយាម​ធ្វើការបង្ក្រាប​យ៉ាងស្វិតស្វាញ។ ទោះបីជាយ៉ាងណាក៏ដោយ​ កូនប្រុសទាំងពីរ​រូបរបស់លោក ឌូតឺតេ បានបដិសេធ​ជាដាច់ខាត ហើយថាវា​ជាការចោទប្រកាន់ទាំងអស់គ្មានមូលដ្ឋាន និងគ្រាន់តែជា​​ពាក្យចចាមអារាម​តែប៉ុណ្ណោះ៕