(ព្យុងយ៉ាង)៖ សហរដ្ឋអាមេរិក នឹងប្រឈមមុខ​ចំពោះការវាយប្រហារ​ដោយអាវុធនុយក្លេអ៊ែរ ដ៏គួរឲ្យ​ភ័យខ្លាច និងបញ្ចប់ខ្លួនឯងដោយ​ក្តីវិនាសហិនហោច ប្រសិនបើប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ហ៊ានធ្វើតាមការព្រមាន​របស់ខ្លួន ចំពោះមុខអន្តរជាតិថា នឹងកម្ទេចកូរ៉េខាងជើង​ឲ្យ​ទៅជាផេះមែននោះ។ នេះបើតាមការចេញ​ផ្សាយដោយ សារព័ត៌មាន Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧។

ការព្រមានធ្ងន់ៗជាថ្មី​ពីសំណាក់កូរ៉េខាងជើងនេះ ធ្វើឡើងបន្ទាប់ពី​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចំពោះមុខ​មហាសន្និបាត​នៃអង្គការសហប្រជាជាតិ នៅឯទីស្នាក់ការកណ្តាល UN នាបុរីញូយ៉ក បានព្រមាន​​កម្ទេចកូរ៉េខាងជើង​ទាំងស្រុងតែម្តង ដើម្បីសន្តិភាព និងសន្តិសុខក្នុង​តំបន់ ក៏ដូចជាពិភពលោក​ទាំងមូល បន្ទាប់ពីកូរ៉េខាងជើង​ធ្វើការបាញ់មីស៊ីលច្រើន​លើកច្រើនសា ព្រមទាំងបានបំផ្ទុះអាវុធនុយក្លេអ៊ែរ​បន្ថែមទៀត ដោយមិនខ្លាចញញើត​ទណ្ឌកម្មពី UN បន្តិចនោះ។

ជុំវិញការព្រមាន​ពេញៗមាត់​ពី លោក ដូណាល់ ត្រាំ ខាងលើនេះ ប្រព័ន្ធផ្សព្វផ្សាយ​ទាំងអស់​របស់​កូរ៉េខាងជើង​បានអះអាងថា «សហរដ្ឋអាមេរិក កំពុងតែព្រមាន​សម្លាប់ប្រជាជនកូរ៉េខាងជើង​ទាំង​អស់ ហើយចេតនាដ៏​អាក្រក់បំផុតនេះ វានឹងធ្វើឲ្យប្រជាជាតិ​កូរ៉េខាងជើង ព្យាយាមកសាង​អាវុធ​នុយក្លេអ៊ែរឲ្យ​កាន់តែខ្លាំងឡើងៗ ដើម្បីប្រយុទ្ធតទល់​នឹងការវាយប្រហារ​របស់​សហរដ្ឋអាមេរិក​វិញ»៕