(តៃប៉ិ)៖ ក្រុមហ៊ុនយក្សរបស់​សហរដ្ឋអាមេរិក Google នឹងទិញយកផ្នែកប្រតិបត្តិការផលិតស្មានហ្វូន របស់ក្រុមហ៊ុនដ៏ល្បីល្បាញនៅកោះតៃវ៉ាន់ គឺ HTC ក្នុងតម្លៃ ១.១ពាន់លាន​ដុល្លារអាមេរិក។ នេះបើតាមសេចក្តីថ្លែងការណ៍​រួមរបស់ក្រុមហ៊ុនធំៗទាំងពីរ ដកស្រង់ដោយ​បណ្តាញព័ត៌មាន Reuters នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧។

ស្ថិតនៅក្នុងកិច្ច​ព្រមព្រៀងថ្មីនេះ Google ត្រូវការអ្នកជំនាញ​មួយក្រុម មកធ្វើការអភិវឌ្ឍ​ទូរស័ព្ទ​ស៊េរី Pixel ជំនាន់ថ្មី ដែលកំពុងមាន​ភាពល្បីល្បាញរបស់ខ្លួន ហើយក្រុមហ៊ុន​អាមេរិកនេះ នឹងទទួលបាន​អាជ្ញាប័ណ្ណមិន​ផ្តាច់មុខនោះ​ឡើយ ជុំវិញកម្មសិទ្ធិបញ្ញាពីក្រុមហ៊ុន​តៃវ៉ាន់ HTC។ ចំពោះ​ប្រតិបត្តិការ ដែលត្រូវបញ្ជូន​ទៅទទួលការអនុម័ត​ដោយនិយ័តករនោះ នឹងត្រូវបញ្ចប់​​នៅដើម​ឆ្នាំ២០១៨ ខាងមុខ។

គួរបញ្ជាក់ថា ក្រៅពីការបម្រើ​សេវាផ្សាភ្ជាប់​បណ្តាញ​ដ៏ធំទូលាយបំផុត នៅទូទាំង​សកលលោក Google នៅបាន​និងកំពុងវាយលុក​ទីផ្សារស្មាតហ្វូន ដើរដោយប្រព័ន្ធ​ប្រតិបត្តិការ Android របស់ខ្លួនយ៉ាង​សកម្ម និងទទួលបាន​ជោគជ័យជាបន្តបន្ទាប់​ផងដែរ ក្រោមកិច្ច​សហការ​ជាមួយ​ក្រុមហ៊ុនជំនាញ​ផលិតស្មាតហ្វូន​ធំៗ ដូចជា LG, Motorola និង Huawei ជាដើម។ ដោយឡែក​ស្មាតហ្វូន Google Pixel ជំនាន់ទី ១ ពិតជាមាន​សមត្ថភាពខ្លាំង និងទទួលបាន​ការគាំទ្រច្រើន លើស​ស៊េរី Nexus ពីបណ្តាឆ្នាំមុនៗ​ទៅទៀត៕