(រុស្ស៊ី)៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្លែងក្នុងវេទិកាសេដ្ឋកិច្ចថា សហរដ្ឋអាមេរិក កំពុងធ្លាក់ចូលកណ្តាប់ដៃរបស់កូរ៉េខាងជើងហើយ នៅពេលប្រទេសមហាអំណាចមួយនេះ ព្យាយាមបង្កើនសម្ពាធលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង នេះបើយោងតាមសេចក្តីរាយការណ៍​ របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ។

«វាជារឿងគ្មានប្រយោជន៍ ក្នុងការបង្កភាពច្របូកច្របល់ផ្នែកយោធា» នេះជាការលើកឡើងរបស់លោក ពូទីន ក្នុងពេលថ្លែងទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងលោក Khaltmaa Battulga ប្រធានាធិបតីម៉ុងហ្គោលី ក្នុងវេទិកាសេដ្ឋកិច្ចដែលរៀបចំឡើង នៅភាគខាងកើតទីក្រុង Vladivostok នៃប្រទេសរុស្ស៊ី។

មេដឹកនាំរុស្ស៊ីរូបនេះ ហាក់លើកឡើងនូវសំដីប្លែកទាក់ទងនឹងប្រទេសកូរ៉េខាងជើង ព្រមទាំងបញ្ជាក់ថាតើសកលលោក គួរតែឆ្លើយតបយ៉ាងណា បន្ទាប់ពីការធ្វើតេស្តសាកល្បងនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើងលើកទី៦ នាពេលថ្មីៗនេះ។ បណ្តាប្រទេសភាគខាងច្រើនបានបន្ទោសទៅលើប្រទេស កូរ៉េខាងជើង ព្រមទាំងជម្រុញ ឱ្យសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបន្ថែមទណ្ឌកម្មទៅលើរបបដឹកនាំ របស់កូរ៉េខាងជើងមួយនេះ។

ដោយឡែករដ្ឋមន្ត្រីទំនាក់ទំនងសេដ្ឋកិច្ច ក្រៅប្រទេសកូរ៉េខាងជើង ដែលចូលរួមក្នុងវេទិការនេះផងដែរនោះ បានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងនឹងសងសឹកវិញ ចំពោះគោលបំណងរបស់សហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មទៅកូរ៉េខាងជើង ដោយវិធានការណ៍តឹងរឹងបែបនេះ៕