(សេអ៊ូល)៖ មន្ត្រីកូរ៉េខាងត្បូងម្នាក់បាននិយាយថា យន្ដហោះចម្បាំងធុន F-35B បួនគ្រឿង និងយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B ពីរគ្រឿង​របស់កងទ័ពអាកាសអាមេរិក បានដឹកនាំការធ្វើសមយុទ្ធយោធាទម្លាក់គ្រាប់បែកពីលើដែនអាកាសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ ជាសារព្រមានមួយផ្ញើជូនទីក្រុងព្យុងយ៉ាង សម្រាប់ការធ្វើតេស្ដមីស៊ីលផ្លោងដោយគ្មាន កោតក្រែងទណ្ឌកម្មពីសហគមន៍អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមមន្ត្រីកូរ៉េខាងត្បូងដដែល សមយុទ្ធយោធាទម្លាក់គ្រាប់បែកនេះក៏មានការចូលរួមពីយន្ដហោះចម្បាំងកូរ៉េខាងត្បូង F-15K បួនគ្រឿង យន្ដហោះអាមេរិក F-16 ប្រចាំកូរ៉េខាងត្បូងពីរគ្រឿង និងយន្ដហោះផ្គត់ផ្គង់ប្រេង KC-135 ពីរគ្រឿងផងដែរ។ ចំណែកឯ យន្ដហោះ F-35B និងយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B របស់កងទ័ពអាកាសអាមេរិកបានត្រឡប់ ទៅកាន់មូលដ្ឋានទ័ពរបស់ពួកគេវិញនៅឯប្រទេសជប៉ុន និងកោះហ្គំា ក្រោយសមយុទ្ធបានបញ្ចប់ នៅម៉ោងប្រមាណ២៖៣០នាទីរសៀល។

គួរបញ្ជាក់ថា កូរ៉េខាងជើង ចាត់ទុកថាការធ្វើសមុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកគឺជាសកម្មភាពត្រៀមឈ្លានពាន ហើយជារឿយៗជាការឆ្លើយតប ទីក្រុងព្យុងយ៉ាងតែងតែ បាញ់សាកល្បងមីស៊ីលផ្លោងសម្ញែងសាច់ដុំដាក់សម័ន្ធមិត្តទាំងពីរនេះ។ កូរ៉េខាងជើង កាលពីថ្ងៃសុក្រកន្លងទៅ បានបាញ់សាកល្បងមីស៊ីល Hwasong-12​ សាជាថ្មីមួយគ្រាប់ហោះ រំលងពីលើជប៉ុនដោយវារត់បានចំងាយ ៣៧០០គីឡូម៉ែត្រជាមួយរយៈកម្ពស់អតិបរាម៉ា៧៧០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក ហើយវាគឺការធ្វើតេស្ដមីស៊ីលលើកទី១៩ ក្នុងឆ្នាំ២០១៧នេះ និងលើកទី០៨ គិតចាប់តាំងពីលោកមូន ជែអ៊ីន ជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែឧសភាមក៕