(ម៉ូស្គូ)៖ ជនសកម្មប្រយុទ្ធមកពី​គណបក្សពលករឃើដ (PKK) បានស្លាប់ក្រោម​កណ្តាប់ដៃ កងទ័ពរបស់​ប្រទេសតួកគី នៅក្នុងប្រតិ​បត្តិការ​តាមផ្លូវអាកាសសំដៅ​ប្រឆាំងអំពើ​ភេរវកម្ម ដាច់ដោយ​ឡែកពីគ្នា ​នៅក្នុងខេត្ត ស៊ើត (Siirt) និង ហាកការី (Hakkari) ភាគអាគ្នេយ៍។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាម​សេចក្តីរាយការណ៍ របស់ទីភ្នាក់ងារ​ព័ត៌មានតួកគី អាណាឌូលូ (Anadolu) កងទ័ពអាកាស បានចេញប្រតិបត្តិការ​ទម្លាក់គ្រាប់បែក​តាម​ផ្លូវអាកាស ផ្តាច់ជីវិតជន​សកម្មប្រយុទ្ធ PKK យ៉ាងហោច​ណាស់ចំនួន ០៧នាក់ ដែលត្រូវគេជឿជាក់ថា បានលួចរៀបចំគម្រោង​​វាយប្រហារ ទៅលើមូលដ្ឋាន​យោធាតួកគី នៅស្រុក អេរ៉ូហ៍ (Eruh) នៃខេត្ត Siirt។ បណ្តាញ​ព័ត៌មានដដែល បានបន្ថែមថា ពួក PKK ០៤​នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិដាច់ដោយឡែ​កមួយទៀត នៅក្នុងខេត្ត Hakkari។

គួរបញ្ជាក់ថា ភាពតានតឹង​រវាងរដ្ឋាភិបាល​ទីក្រុងអង់ការ៉ា និងពួកឃើដ បានកើនឡើងកម្តៅ ចាប់តាំងពី​ខែកក្កដា ឆ្នាំ២០១៥មក នៅពេលដែល​បទឈប់បាញ់ រវាងតួកគី និង PKK បានដួលរលំ ដោយសារតែ​ការកើនមាន នៃសកម្មភាពវាយប្រហារ​ភេរវកម្ម​​ជាបន្តបន្ទាប់គ្នា ធ្វើឡើងដោយ​សមាជិករបស់ PPK ដែលសព្វថ្ងៃត្រូវ​គេចាត់ទុកថា ជាអង្គការភេរវករ​នៅតួកគី៕