(សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល នៅថ្ងៃអាទិត្យនេះ បាននិយាយថាប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងសមាភាគីអាមេរិកលោក ដូណាល់ ត្រាំ បានឯកភាពគ្នាពង្រឹងការ ដាក់សម្ពាធ និងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសប្រជាជាតិប្រឆាំងកូរ៉េខាងជើង រហូតដល់រដ្ឋកម្មុយនីស្ដមួយនេះដឹងថាផ្លូវដែលខ្លួនកំពុងដើរគឺជាផ្លូវឆ្ពោះទៅរកភាពឯកោ និងការ ដួលរលំនៃរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយតាមកញ្ចក់ទូរទស្សន៍ អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Park Soo-hyun បានគូសបញ្ជាក់ដូច្នេះថា៖ «មេដឹកនាំទាំងពីរ បានសម្រេច ចិត្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតក្នុងការដាក់សម្ពាធ និងអនុវត្តទណ្ឌកម្ម UN ប្រឆាំងកូរ៉េខាងជើង រហូតដល់ទីក្រុងព្យុងយ៉ាង ដឹងថាខ្លួនកំពុងដើរលើផ្លូវឆ្ពោះទៅរកភាពឯកោ និងការដួលរលំនៃរបបខ្លួនឯងតែប៉ុណ្ណោះ ដរាបណាមិនព្រមបញ្ឈប់សកម្មភាពបង្ករឿងដូចសព្វថ្ងៃ»

គួរបញ្ជាក់ថា បើតាមលោក Park Soo-hyun លោក ដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លាំងការបាញ់សាកល្បងមីស៊ីលផ្លោង Hwasong-12 មួយគ្រាប់របស់កូរ៉េខាងជើងហោះរំលង ប្រទេសជប៉ុនកាលពីថ្ងៃសុក្រ។ ក៏ប៉ុន្តែបើទោះជាមានការថ្កោលទោសពីស្ទើគ្រប់ទិសទីក៏ដោយ ក៏មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅតែប្តេជ្ញាយ៉ាងមុតមាំថានឹងសម្រេចកម្មវិធីនុយក្លេអ៊ែរ​ឲ្យបាន ដូចបំណងដើម្បីរក្សាតុល្យភាព​កម្លាំង​​យោធាជាមួយសហរដ្ឋអាមេរិក ហើយថាវាគឺជាវិធានការ ការពារខ្លួនឯងដ៏ល្អប្រសើរបំផុតពីការឈ្លានពានពីសំណាក់ទីក្រុងវ៉ាស៊ីនតោន៕