(គុយវ៉ែត)៖ រដ្ឋាភិបាលគុយវ៉ែតបានសម្រេចចិត្តកាត់បន្ថយបុគ្គលិកទូតកូរ៉េខាងជើង​ និងបញ្ឈប់ការផ្ដល់ទិដ្ឋការដល់ប្រជាជនកូរ៉េខាងជើង នៅក្នុងក្របខណ្ឌនៃការអនុវត្តតាមដំណោះស្រាយដាក់ទណ្ឌកម្ម នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២៣២១ ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៦ ជាការធ្លើយតបទៅនឹងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី០៥ របស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០១៧។

នៅក្នុងរបាយការណ៍មួយដាក់ជូនក្រុមប្រឹក្សាសន្តិសុខ រដ្ឋាភិបាលគុយវ៉ែតបាននិយាយថា ខ្លួនបានសម្រេចចិត្តកាត់បន្ថយចំនួនបុគ្គលិកទូត០៥នាក់ ក្នុងចំណោមមន្ត្រីទូតកូរ៉េខាងជើង ទាំងអស់០៩នាក់ ហើយមិនតែប៉ុណ្ណោះគុយវ៉ែតក៏បានបញ្ឈប់ការផ្ដល់ទិដ្ឋការដល់ប្រជាជនកូរ៉េខាងជើងផងដែរ ដែលនេះមានន័យថាប្រជាជនកូរ៉េខាងជើងនៅក្នុងប្រទេសនៃតំបន់មជ្ឈិមបូព៌ា មួយនេះ អាចនឹងត្រូវបង្គាប់ឱ្យចាកចេញនៅពេលប័ណ្ឌស្នាក់នៅរបស់ពួកគេអស់សុពលភាព។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា របាយការណ៍នេះដដែលមិនបានបញ្ជាក់ថាមន្ត្រីទូតកូរ៉េខាងជើង ទាំង០៥នាក់នឹងត្រូវត្រឡប់ទៅកាន់ទីក្រុងព្យុងយ៉ាង វិញនៅពេលណានោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចចិត្តអនុម័តជាឯកច្ឆ័នលើដំណោះស្រាយដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងសម្រាប់ការបំផ្ទុះក្បាលគ្រាប់ នុយក្លេអ៊ែរជាលើក០៦ កាលពីថ្ងៃទី០៣ ខែកញ្ញា។ ដំណោះស្រាយលេខ ២៣៧៥នេះ ក៏មានរួមបញ្ចូលផងដែរការហាមឃាត់លើការនាំចេញផលិតផលវាយណភ័ណ្ឌក៏ដូចជាការរឹតបន្តឹង ការជួលកម្មករកូរ៉េខាងជើង នៅឯបរទេសជាដើមក្នុងគោលបំណងកាត់បន្ថយប្រាក់ចំណូលរបស់របបដឹកនាំ លោកគីម ជុងអ៊ុន ខណៈបច្ចុប្បន្នប្រជាជនកូរ៉េខាងជើង ៦,០០០នាក់ត្រូវបាន គេជឿជាក់ថាកំពុងធ្វើការងារនៅក្នុងប្រទេសគុយវែត៕