(តេហេរ៉ង់)៖ មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ លោក Amir Ali Hajizadeh បានអះអាងថា នៅពេលនេះអ៊ីរ៉ង់ផលិតបាន «ឪគ្រាប់បែក» ដែលមានសមត្ថភាពខ្លាំងជាង «ម៉ែគ្រាប់បែក» របស់ សហរដ្ឋអាមេរិក។ ឪគ្រាប់បែកនេះ ត្រូវបានអភិវឌ្ឍឡើងតាមសំណើពិសេសពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ខណៈទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ជួបភាពតានតឹងជាថ្មី ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ PressTV លោក Ali Hajizadeh កាលពីថ្ងៃសុក្រ បានគូសបញ្ជាក់ដូច្នេះថា៖ «បន្ទាប់ពីមានសំណើរបស់កងកម្លាំងទ័ពអាកាសនៃកងឆ្មាំបដិវត្តន៍ អ៊ីរ៉ង់ រោងចក្រអាវុធអ៊ីរ៉ង់ផលិតបានគ្រាប់បែកមួយគ្រាប់មានទម្ងន់១០តោន ហើយវាគឺជាគ្រាប់បែករបស់យើង ដែលអាចទម្លាក់ចេញពីយន្ដហោះចម្បាំង Ilyushin និងមានសមត្ថភាពបំផ្លាញ គោលដៅសត្រូវខ្ពស់បំផុត»។ តែយ៉ាងណា លោកមិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះឡើយ ស្របពេលគេដឹងច្បាស់ថារុស្ស៊ីក៏មានឪគ្រាប់បែកដែរ។

គួរបញ្ជាក់ថា លោក Ali Hajizadeh បានហៅគ្រាប់បែកនេះថាជា ឪគ្រាប់បែក ដោយធៀបទៅនឹងម៉ែគ្រាប់បែក របស់សហរដ្ឋអាមេរិក ដែលមានទម្ងន់៩.៨តោន និងម្សៅ TNT​១១តោន។ ម៉ែគ្រាប់បែកនេះ ត្រូវបានអភិវឌ្ឍនៅឆ្នាំ២០០៣ ហើយត្រូវប្រើប្រាស់ជាលើកដំបូងក្នុងការវាយប្រហារ កាលពីខែមេសាកន្លងទៅ លើមូលដ្ឋានរូងក្រោមដីពួក ISIS នៅប្រទេស អាហ្វហ្គានីស្ថាន។ ​