(វ៉ាស៊ីនតោន)៖ បើទោះជាកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិក៏ដោយ សហរដ្ឋអាមេរិក នៅតែអះអាងឡើងវិញថានឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីបម្រែប្រួល អាកាសធាតុ ខណៈមានសេចក្ដីរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោនអាចនឹងផ្លាស់ប្ដូរចិត្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមមន្ត្រីសេតវិមានម្នាក់ សហរដ្ឋអាមេរិកនឹងមិនផ្លាស់ប្ដូរចិត្តដើរចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែប្រួលអាកាសធាតុ កាលពីឆ្នាំ២០១៥ឡើយ ដរាបណាមិនមានការផ្លាស់ប្ដូរ លក្ខខ័ណ្ឌមួយចំនួនដែលអំណោយផលដល់ប្រទេសរបស់ខ្លួន។ ជាងនេះទៅទៀត ក្រុមមន្ត្រីអាមេរិកក៏ធ្លាប់បានប៉ាន់ប្រមាណដែរថា កិច្ចព្រមព្រៀងនេះអាចនឹងធ្វើឱ្យបាត់បង់ការងារជាង ៦.៥លានកន្លែង និងខាតបង់ផលិតផលក្នុងស្រុកសរុប GDP រហូតដល់ទៅ ៣ទ្រីលានដុល្លារ ស្របពេលគូរប្រជែងសេដ្ឋកិច្ចដូចជា ចិន និងឥណ្ឌា បែរជាទទួលផលពីកិច្ចព្រមព្រៀងនេះ ទៅវិញ។

គួររំលឹកថា កាលពីខែមិថុនាកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសប្រាប់ពិភពលោកថា លោកចង់បានកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដ៏មានតម្លាភាពថ្មី មួយសម្រាប់សហរដ្ឋអាមេរិក ពោលគឺមិនឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអាមេរិក។ ក៏ប៉ុន្តែ ក្រុមអ្នកប្រឆាំងនឹងលោកយល់ថាការដកខ្លួននេះនឹងធ្វើឱ្យសហរដ្ឋអាមេរិក បាត់បង់ទម្ងន់ នៅលើឆាកអន្តរជាតិ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលត្រូវបានព្រមព្រៀងដោយសហរដ្ឋអាមេរិក (សម័យលោក បារ៉ាក់ អូបាម៉ា) និង១៨៧ប្រទេសផ្សេងទៀត មានគោលបំណងកាត់ បន្ថយការកើនឡើងកំដៅឱ្យនៅក្រោម២អង្សាសេ ហើយមានតែប្រទេសស៊ីរី និងនីការ៉ាគ័រ (Nicaragua) ប៉ុណ្ណោះមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ៕