(បង់ក្លាដែស)៖ រដ្ឋាភិបាលបង់ក្លាដែសបានចោទប្រកាន់មីយ៉ាន់ម៉ាថា បានរំលោភបំពានចូលដែនអាកាសរបស់ខ្លួនព្រមទាំងបានព្រមានដែរថា សកម្មភាពបង្ករឿងរបៀបនេះ អាចនឹងធ្វើឱ្យល្អក់កករ ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលកំពុងតានតឹងស្រាប់ដោយសារវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ​នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមរដ្ឋាភិបាលបង់ក្លាដែស យន្ដហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រយោធាមីយ៉ាន់ម៉ា បានរំលោភចូលដែនអាកាសរបស់ខ្លួនដល់ទៅបីដង កាលពីថ្ងៃ១០ ទី១២ ទី១៤ ខែកញ្ញា ហើយទីក្រុងដាកកា ក៏បានដាក់កំណត់ទូតតវ៉ាទៅកាន់ស្ថានទូតមីយ៉ាន់ម៉ាផងដែរ។ ​រដ្ឋាភិបាលបង់ក្លាដែសបានគូសបញ្ជាក់ដូច្នេះថា៖ «បង់ក្លាដែស បង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះ សកម្មភាពបង្ករឿងម្ដងហើយម្ដងទៀត...តែយើងនៅតែស្នើឱ្យមីយ៉ាន់ម៉ា ចាត់វិធានការជាបន្ទាន់ដើម្បីធានាថា សកម្មភាពរំលោភលើដែនអធិបតេយ្យភាពបែបនេះ នឹងមិនកើតឡើងជាសាជាថ្មី ព្រោះវាមានតែធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរល្អក់កករតែប៉ុណ្ណោះ»។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក Zaw Htay បាននិយាយថា មីយ៉ាន់ម៉ានឹងពិនិត្យមើល រាល់ព័ត៌មានផ្ដល់ដោយខាងភាគីបង់ក្លាដែស។​ «ប្រទេសយើងទាំងពីរកំពុងប្រឈមមុខនឹងវិបត្តិជនភៀសខ្លួន ដូច្នេះពួកយើងត្រូវតែសហការគ្នាជាមួយការយោគយល់»។ នេះបើតាមសម្ដី លោក Zaw Htay ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។

គួរបញ្ជាក់ថា គិតចាប់តាំងពីអំពើហិង្សាផ្ទុះឡើងកាលពីថ្ងៃទី២៥ ខែសីហានៅក្នុងរដ្ឋរ៉ាឃីនភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​ជិត ៤០០,០០០នាក់ បានរត់ភៀសខ្លួនទៅ កាន់ព្រំដែនបង់ក្លាដែស ខណៈយោធាមីយ៉ាន់ម៉ា អះអាងថាខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ រីឯអង្គការសហ្រជាជាតិ អំពាវនាវឱ្យទីក្រុងរ៉ង់ហ្គូន បញ្ឈប់ការធ្វើទុក្ខបុក្ខម្នេញលើ ជនជាតិដើមភាគតិចមូស្លីមមួយនេះ៕