(ម៉ូស្គូ)៖ យន្តហោះចម្បាំងសម្រាប់ហ្វឹកហ្វឺនធុន YAK-130 មួយគ្រឿង បានធ្លាក់នៅក្បែរព្រលានយន្តហោះ Nprospglebsk ក្នុង​តំបន់ Voronezh ភាគនិរតីនៃប្រទេសរុស្ស៊ី នៅអំឡុងពេលធ្វើការហ្វឹកហាត់ហោះហើរ។ នេះបើតាមការឲ្យដឹងពីក្រសួងការ​ពារ​ជាតិ​រុស្ស៊ី ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

ដោយឡែក យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងខាងលើ អ្នកបើកបរយន្តហោះទាំងពីរនាក់ (ម្នាក់គ្រូនិងម្នាក់សិស្ស) បាន​​បញ្ចៀសយន្តហោះរបស់ពួកគេ គេចចេញពីអគារទាំងឡាយដែលនៅក្បែរនោះ មុនពេលចុចកៅអីលោតចេញពីក្នុងយន្តហោះ ​ហើយ​អ្នកទាំងពីរ បានទាក់ទងឲ្យដំណឹងទៅកាន់ទីបញ្ជាការភ្លាមៗ ក្រោយពីធ្លាក់ចុះដល់ដីដោយសុវត្ថិភាព។

ជាមួយគ្នានេះ ក្រុមភ្នាក់ងាររុករកនិងជួយសង្រ្គោះ ត្រូវបានបញ្ជួនទៅឲ្យជួយអាកាសយានិកទាំងពីររូប ស្របពេលដែលគណៈកម្ម​ការ​សុវត្ថិភាពការហោះហើររបស់កងទ័ពរុស្ស៊ី ក៏កំពុងចាប់ផ្តើមការស៊ើបអង្កេតលើហេតុការណ៍គ្រោះថ្នាក់នេះ។ បើតាមទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី Interfax បញ្ហាខូចគាំម៉ាស៊ីន​ គឺជាមូលហេតុនៅពីក្រោយការធ្លាក់យន្តហោះមួយគ្រឿងនេះ។

គួរបញ្ជាក់ថា យន្តហោះធុន YAK-130 គឺជាយន្តហោះប្រយុទ្ធ ប្រើប្រាស់សម្រាប់ការហ្វឹកហាត់ដ៏ទំនើប ដែលមានកៅអីអង្គុយពីរ​ ហើយត្រូវបានរចនាឡើង តាំងតែពីដើមទសវត្សរ៍១៩៩០ និងចូលបម្រើការក្នុងជួរកងទ័ពអាកាសរុស្ស៊ី កាលពីឆ្នាំ២០០៩៕