(ហាណូយ)៖ ព្យុះទីហ្វុង ដុកស៊ូរី (Doksuri) បានផ្តាច់យកជីវិត​មនុស្សយ៉ាងតិច ០៨នាក់ និងធ្វើឲ្យរបួស ២៨នាក់ផ្សេងទៀត នៅក្នុង​តំបន់ភាគកណ្តាល ប្រទេសវៀតណាម គិតត្រឹមរសៀល​ថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិន​ ស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

ក្រៅពីនេះ ព្យុះ Doksuri បានបំផ្លិចបំផ្លាញផ្ទះ​សម្បែងជាង ១០,០០០ខ្នង, ពន្លិចទូក-នាវានេសាទ១០គ្រឿង, និងធ្វើឲ្យជនលិចផ្ទៃ​ដី​ដាំដុះទំហំសរុបប្រមាណ១,០០០ហិកតាថែមទៀតផង បើតាមការឲ្យដឹងពី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម។ ​ដោយឡែក​នៅថ្ងៃសៅរ៍នេះ បណ្តាញអគ្គិសនី នៅតាមខេត្តភាគ​កណ្តាលប្រទេសចំនួន ០៩ ត្រូវបានស្តារ​ឡើងវិញហើយ បន្ទាប់​ពីមនុស្ស​ជាច្រើននាក់ គ្មានភ្លើងប្រើប្រាស់​អស់រាប់ម៉ោង កាលពីថ្ងៃសុក្រ​ម្សិលមិញ។ ជាមួយគ្នានេះ​បណ្តាញទូរស័ព្ទ និងអ៊ីនធើ​ណែត ក៏បានចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួនជាធម្មតា ដូចដើមវិញ​ផងដែរ។

គួរបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិ ពិសេសព្យុះត្រូពិក, ទឹកជំនន់, គ្រោះរអិលបាក់ដី, បានផ្តាច់យកជីវិត​​ ឬ​ក៏​ធ្វើឲ្យ​មនុស្ស​បាត់​ខ្លួន​សរុប ១១៦នាក់ និងបានបង្ក​ការ​បំផ្លិចបំផ្លាញ​​គិតជាទឹកប្រាក់ ៥,៦៤០ពាន់លានដុង (២៥០លានដុល្លារ) ក្នុងអំឡុងពេល ០៨​ខែ​ដំបូង នៃឆ្នាំ២០១៧នេះ។ នេះបើតាម​​របាយការណ៍ ពីអគ្គនាយកដ្ឋាន​បង្ការ និងគ្រប់គ្រងគ្រោះ​មហន្តរាយ​វៀតណាម៕