(ញូដេលី)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍ជាតិ Air India បានបុករថយន្តពន្លត់​អគ្គីភ័យមួយ​គ្រឿង ដែលបានធ្វើដំណើរលើផ្លូវបើកបរ របស់ព្រលានយន្តហោះអន្តរជាតិ Indira Gandhi រដ្ឋធានីញូដេលី បង្កឲ្យមានការភ្ញាក់ផ្អើល ហើយឧប្បដិហេតុនេះ បានកើតមានឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីយន្តហោះមួយគ្រឿង​ទៀតបានជ្រុលចង្កូត នាំឲ្យកង់ធ្លាក់ចូលក្នុងចង្អូរ​ផ្លូវព្រលាន បង្កឲ្យអ្នកដំណើរ​រាប់រយនាក់​ភ័យបុកពោះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

ហេតុការណ៍ខាងលើនេះ បានកើតមានឡើងតាំងពីយប់ជ្រៅថ្ងៃសុក្រមកម្ល៉េះ ដោយជើងហោះហើរ 319 ដឹក​អ្នកដំណើរសរុប ៧០នាក់ បានបុករថយន្តពន្លត់អគ្គីភ័យមួយគ្រឿង ដែលមិនដឹងជាមូលហេតុអ្វី បានជាធ្វើ​ដំណើរ​ចូលទៅគន្លងផ្លូវបើកបររបស់យន្តហោះទៅវិញ។ នេះបើតាមការបញ្ជាក់ ពីមន្ត្រី​អាកាសចរណ៍ឥណ្ឌា នៅថ្ងៃសៅរ៍នេះ ខណៈពុំមានសេចក្តីរាយការណ៍ថាមានមនុស្សរងគ្រោះថ្នាក់នោះឡើយ ប៉ុន្តែម៉ាស៊ីន​យន្តហោះ​​មួយចំហៀង​បានទទួលរង​ការខូចខាត និងត្រូវបានបញ្ជូន​​ទៅជួសជុលរួចហើយ។

សមត្ថកិច្ចឥណ្ឌាបានអះអាងថា អ្នកបើកបររថយន្តខុសទិសដៅខាងលើនេះ ត្រូវបានចាប់ខ្លួន ហើយនឹងត្រូវដកប័ណ្ណ​បើកបរទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើប​អង្កេតលើករណីជារួម៕