(បាកដាដ)៖ កងកម្លាំងទ័ពរបស់​ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃសៅរ៍ចុង​សប្តាហ៍នេះថា បានបើកប្រតិបត្តិការ​ក្តៅគគុក ដើម្បីបោស​សម្អាត​​ក្រុមភេរវករ ISIS នៅតាមព្រំដែន​ជាមួយនឹង​ប្រទេសស៊ីរី។ នេះបើតាមការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

កងកម្លាំងទ័ពប៉ារ៉ា​អ៊ីរ៉ាក់ដែលមានឈ្មោះថា ហាសដ៍ ហ្សាអាប៊ី (Hashd Shaabi) និងកងកម្លាំងការពារ​ព្រំដែន បានរួមគ្នាធ្វើប្រតិបត្តិការ​នៅលើ វាលខ្សាច់ដ៏​ធំ​ល្វឹង​ល្វើយ ដើម្បីរំដោះភូមិ​មួយនៃស្រុក អាកាហ្សាត (Akashat) ស្ថិតនៅក្នុងខេត្ត អាន់បារ (Anbar) ពីកណ្តាប់ដៃក្រុមសកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម ISIS ដែល​ស្ថិតនៅ​​តំបន់​ព្រំដែន​​ជាមួយប្រទេស​ស៊ីរីតែម្តង។ នេះបើតាមការបញ្ជាក់​ពីលោកឧត្តមសេនីយ៍ អាប់ឌុល អាមែរ យ៉ារ៉ាល់ឡាហ៍ (Abdul Amir Yarallah) មេបញ្ជាការ​នៃកង​ប្រតិ​បត្តិការ​រួម JOC។

គួរបញ្ជាក់ថា តំបន់ខាងលើនេះ គឺស្ថិតនៅចម្ងាយ ៣៧០គីឡូម៉ែត្រ នៃភាគខាងលិចទីក្រុងបាកដាដ ដែលមានប្រជាជន​រស់នៅប្រមាណជាង ៥,០០០នាក់ ដោយវាត្រូវបាន​កងកម្លាំង ISIS ក្រសោបយក​ទៅ​គ្រប់គ្រងកាលពីប៉ុន្មានឆ្នាំ​កន្លងទៅនេះ។ ទឹកដីអ៊ីរ៉ាក់នៅតាមព្រំដែនជាប់ស៊ីរី និងទឹកដីស៊ីរី​ជាច្រើនផ្នែក​ផងដែរ នៅក្បែរៗនោះ កំពុងតែស្ថិតក្រោម​ការគ្រប់គ្រងរបស់ ISIS នៅឡើយ ជាពិសេសគឺខេត្ត Anbar របស់អ៊ីរ៉ាក់តែម្តង៕