(វ៉ាស៊ីនតោន)៖ នៅក្នុងដំណើរបំពេញ​ទស្សនកិច្ចនៅមូលដ្ឋានទ័ពរួម Andrews ក្បែរ​រដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញក្តីជឿជាក់​យ៉ាងមុតមាំថា ជម្រើសទាំងអស់ដែល​មាន​ស្រាប់ ពិតជាអាចទប់ទល់នឹង​ការគំរាមកំហែងនានា ពីសំណាក់ទីក្រុងព្យុងយ៉ាងបាន។ នេះបើតាមការ​ចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ បានថ្លែងនៅឯមូលដ្ឋានទ័ពខាងលើនេះយ៉ាងដូច្នេះថា «ការបាញ់មីស៊ីលចុងក្រោយ​បំផុត របស់​កូរ៉េខាងជើង គឺជាការមើលងាយ​យ៉ាងខ្លាំង ចំពោះប្រទេស​ជិតខាង និងសហគមន៍​អន្តរជាតិ​ទាំងមូល»។ បន្ទាប់ពីបានឃើញ​ទង្វើទីក្រុងព្យុងយ៉ាង​បែបនេះ មេដឹកនាំអាមេរិកបាន​បង្ហាញទំនុកចិត្តលើសពេលមុនៗថា ជម្រើសទាំងអស់​ដែលមានស្រាប់ គឺពិតជាអាចទប់ទល់​ស្កាត់ និងឆ្លើយតបទៅវិញ​ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ ទៅនឹងការគំរាមកំហែង​ពីសំណាក់​​កូរ៉េខាងជើងបាន។

នៅក្នុងឱកាសនៃការប្រារព្ធខួបទី ៧០ឆ្នាំ របស់កងកម្លាំងទ័ពអាកាស​​សហរដ្ឋអាមេរិកនេះដែរ លោក ដូណាល់ ត្រាំ បានប្តេជ្ញា​ការពារសន្តិសុខ​សហរដ្ឋអាមេរិក ពីការគំរាមកំហែង​នានាទាំងអស់។ សម្រាប់​ការថ្លែងបែបនេះ​​របស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីប្រទេស​កូរ៉េខាងជើង បានប្រកាសពីការធ្វើ​តេស្តមីស៊ីលផ្លោង​រយៈចម្ងាយមធ្យម​របស់ខ្លួន ដែលបានហោះរំលង​ប្រទេសជប៉ុន ធ្លាក់ទៅក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក​​កាលពីថ្ងៃ​សុក្រ​ម្សិលមិញនេះ នាំឲ្យសហគមន៍អន្តរជាតិ​ទាំងមូល ថ្កោលទោសខ្លាំងក្លា​បំផុតមិនធ្លាប់មាន៕