(ប៉េកាំង)៖ រដ្ឋាភិបាលចិន នៅថ្ងៃសុក្រនេះ បាននិយាយថាខ្លួនជំទាស់យ៉ាងខ្លាំង​ទៅ នឹងការបាញ់​សាក​ល្បង​មីស៊ីល​ផ្លោង​ យ៉ាង​គគ្លើនជាថ្មីម្តងទៀត​របស់​កូរ៉េខាងជើង ហើយចាត់ទុកថាវាគឺជាទង្វើប្រឆាំងនឹងដំណោះ ស្រាយ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​នៃ​អង្គ​ការ​សហ​ប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាន​គូស​បញ្ជាក់​ដូច្នេះ​ថា៖ «​ចិនជំទាស់នឹងការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ដែល​ជា​ទង្វើ​រំលោភបំពានលើ ដំណោះស្រាយ​ក្រុម​ប្រឹក្សាសន្តិ​សុខ​»​។ លោកស្រី Hua បន្ថែមទៀតថា ស្ថានភាពនៅលើឧបទ្វីបកូរ៉េ កំពុងស្ថិតនៅក្នុងសភាពស្មុគស្មាញ រសើប និងគួរឱ្យព្រួយ បារម្ភ ដូច្នេះភាគីពាក់ព័ន្ធទំាងអស់ គួរតែរក្សាភាពអត់ធ្មត់ និង​ជៀស​វាង​ការ​ធ្វើ​សកម្ម​ភាពទាំងឡាយណាបង្ក​ឱ្យ​ភាព​តាន​តឹងកាន់តែកើនឡើង។

គួរបញ្ជាក់ថា កូរ៉េខាងជើង​បានបាញ់សាកល្បង​មីស៊ីលផ្លោង​រយៈចំងាយមធ្យមមួយគ្រាប់​នៅម៉ោង ៦៖៥៧​នាទី​ព្រឹក ថ្ងៃសុក្រ​នេះ​ពី​តំបន់​ស៊ូ​ណាន Sunan ក្នុងទីក្រុងព្យុងយ៉ាង ដោយវារត់ បានចម្ងាយ​ប្រមាណ ៣,៧០០គីឡូម៉ែត្រ និងហោះឡើង​កម្ពស់​​ប្រហែល​៧៧០​​គីឡូ​ម៉ែត្រ ​រំលងពី​លើដែនអាកាសនៃកោះហុកកៃដូ មុននឹងធ្លាក់នៅ​ចម្ងាយប្រហែលជា ២,០១៥​​គីឡូ​​ម៉ែត្រ​​ភាគ​​ខាង​កើត​​ប្រទេសជប៉ុន ទៅក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក។ យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) គិត​ថា​ មីស៊ីល​​ដែល​​កូរ៉េ​ខាង​ជើង​​បានធ្វើតេស្ដនេះ គឺជាមីស៊ីល​ឆ្លងទ្វីប ICBM៕