(ព្រុចសែល)៖ អង្គការណាតូ​បានចាត់ទុកថា អាកប្បកិរិយា​បង្ករឿងរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែង​សកល ដែលតម្រូវឱ្យមានការឆ្លើយតប​ជាសកល ទៅនឹងទង្វើផ្គើនបាញ់​សាកល្បង មីស៊ីលផ្លោងម្ដង​ហើយម្ដងទៀត ពីសំណាក់​ទីក្រុងព្យុងយ៉ាង។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅរសៀលថ្ងៃសុក្រ ទី១៥​ ខែកញ្ញា ឆ្នាំ២០១៧។

ប្រតិកម្មពីអង្គការណាតូរបស់សហរដ្ឋអាមេរិក កើតមានឡើងបន្ទាប់ពីកូរ៉េខាងជើង បាញ់សាកល្បង​មីស៊ីលផ្លោងរយៈចំងាយមធ្យមមួយគ្រាប់ ហោះរំលងពីលើប្រទេសជប៉ុន មុននឹងធ្លាក់​ចូលទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ជាមួយគ្នានោះដែរ បើតាមកូរ៉េខាងត្បូង កូរ៉េខាងជើង​បានបាញ់សាកល្បង​មីស៊ីលផ្លោង​រយៈចំងាយមធ្យមមួយគ្រាប់​នៅម៉ោង ៦៖៥៧​នាទី​ព្រឹក ថ្ងៃសុក្រនេះ (ពេលវេលា​នៅសេអ៊ូល) ពីតំបន់ស៊ូណាន Sunan ក្នុងទីក្រុងព្យុងយ៉ាងដោយវារត់បានចម្ងាយ​ប្រមាណ ៣,៧០០គីឡូម៉ែត្រ ហើយបានហោះរំលងពី​លើដែនអាកាស នៃកោះហុកកៃដូ មុននឹងធ្លាក់នៅ​ចម្ងាយប្រហែលជា ២,០១៥​គីឡូម៉ែត្រ ភាគកើតប្រទេសជប៉ុនទៅក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) គិតថាមីស៊ីលដែល កូរ៉េខាងជើង​បានធ្វើតេស្ដនេះគឺជាមីស៊ីល​ឆ្លងទ្វីប ICBM។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងព្យុងយ៉ាង​បានគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ បាញ់ពន្លិចជប៉ុន​ឱ្យបាត់ចេញពីផែនទីពិភពលោក និងធ្វើឱ្យសហរដ្ឋអាមេរិក​ក្លាយជាផេះ សម្រាប់ការ គំាទ្រដាក់ទណ្ឌកម្ម​របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហើយមិនតែ​ប៉ុណ្ណោះ​រដ្ឋកម្មុយនីស្ដមួយនេះ ក៏បានសន្យាដែរថា ខ្លួននឹងបញ្ជូនកាដូ​បន្ថែមទៅឱ្យទីក្រុង​វ៉ាស៊ីនតោនទៀតផង៕