(បាងកក)៖ មន្រ្តីប៉ូលិសថៃម្នាក់បានស្លាប់ និង១៨នាក់ផ្សេងបានទទួលរងរបូសធ្ងន់-ស្រាល បន្ទាប់ពីគ្រាប់បង្កៃ​​ចំនួន ០៣គ្រាប់ ត្រូវបានគេបំផ្ទុះ​បន្តបន្ទាប់គ្នេ នៅខេត្តយ៉ាឡា (Yala) ភាគខាងត្បូង ប្រទេសថៃ នាថ្ងៃព្រហស្បតិ៍នេះ។ នេះ​បើ​តាមការចេញផ្សាយដោយទីភ្នាក់ងារចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

គ្រាប់បែកទីមួយ​បានផ្ទុះនៅជាប់​បង្គោលខ្សែភ្លើងមួយកន្លែង ប៉ុន្តែពុំបានបង្កឲ្យ​មនុស្សរងគ្រោះឡើយ ហើយហេតុការណ៍នេះ​​ក៏ត្រូវបានរាយការណ៍​ដល់ប៉ូលិស។ ក្រោយមកក្រុមជំនាញ​ខាងគ្រឿងផ្ទុះ ក៏ត្រូវបានបញ្ជូន​ឲ្យទៅត្រួតពិនិត្យមើល​កន្លែង​កើត​ហេតុ តែពួកគេស្រាប់​បានរងរបួសដោយសារ ការផ្ទុះ​នៃគ្រាប់បែកមួយ​គ្រាប់ផ្សេងទៀត និងដោយការឈ្លបវាយប្រហារ​ពី​ក្រុម​ឧទ្ទាម​ថែមទៀត ហើយបន្ទាប់មក​ទៀត គ្រាប់បែកទីបី​ក៏បានផ្ទុះឡើង។

គួរបញ្ជាក់ថា កម្លាំងប៉ូលិសសរុប ១៩នាក់ ត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ​ជាបន្ទាន់ ដោយម្នាក់ក្នុង​ចំណោមនោះ បានបាត់បង់ជីវិតទៅហើយ៕