(អង់ការ៉ា)៖ ក្រសួងការបរទេសតួកគី​បានសម្ដែង​ការស្វាគមន៍ ដែលសភាអ៊ីរ៉ាក់បានបោះឆ្នោត​ជំទាស់នឹងគំរោង​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ ដើម្បីប្រកាសឯករាជ្យរបស់ប្រជាជនឃើដ ហើយថែម ទាំងព្រមានដែរថា ការចចេសដំណើរ​ការ​គំរោងនេះ នឹងត្រូវតបស្នងមកវិញ​នូវតម្លៃមួយយ៉ាង​សាកសម។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួង​ការបរទេសតួកគី​បានលើកឡើងយ៉ាងដូច្នេះថា «យើងបានឃើញ​ជំហររឹងទទឹង​ នៃមេដឹកនាំ​អ៊ីរ៉ាក់ឃើដ ពាក់ព័ន្ធ​នឹងការ​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ។ រីឯសេចក្ដីថ្លែងការណ៍​របស់ពួកគេ​ក៏បង្កើនក្ដីព្រួយបារម្ភកាន់តែ​ខ្លាំងឡើងផងដែរ... ប៉ុន្តែពួកគេគួរ​តែដឹងឱ្យច្បាស់ថា ការប្រកាន់​គោលជំហ​ររឹងទទឹង​នេះ នឹងត្រូវ តបស្នងមកវិញ​នូវតម្លៃមួយយ៉ាង​សាកសម... ដូច្នេះយើង​អំពាវនាវ​ឱ្យពួកគេធ្វើសកម្មភាព​ប្រកបដោយ​សុឆន្ទៈ និងបោះបង់ចោល​វិធីសាស្ត្រខុសឆ្គង​បែបនេះជាបន្ទាន់»។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំអ៊ីរ៉ាក់ឃើដ លោក Massoud Barzani បានបញ្ជាក់កាលពី​ថ្ងៃពុធថា ឃើដបានប្ដេជ្ញាចិត្តថា នឹងរៀបចំការបោះឆ្នោត​ប្រជាមតិប្រកាស​ឯករាជ្យ​ពីព្រោះវាគឺជា «សិទ្ធិធម្មជាតិ»។ «បើ សិនជានរណាម្នាក់ចង់​ព្យាយាមបំផ្លាញ​ឆន្ទៈរបស់ប្រជាជន​ឃើដ​ ដោយកម្លាំងយោធា ឱ្យពួកគេសាកល្បង​ធ្វើវាចុះ តែខ្ញុំសូមប្រាប់ថា ឃើដបានត្រៀម​លក្ខណៈរួចជាស្រេច​ការពារខ្លួនឯង»។ នេះបើតាម​សម្តីព្រមានតបវិញរបស់ លោក Massoud Barzani។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ សភាអ៊ីរ៉ាក់​បានអនុញ្ញាតឱ្យ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ប្រើប្រាស់វិធានការ​គ្រប់បែបយ៉ាង​ ដើម្បីការពារ​ឯកភាពជាតិ​អ៊ីរ៉ាក់ ឆ្លើយតបទៅនឹង​ការបោះឆ្នោត​ប្រជាមតិ ប្រកាសឯករាជ្យ​របស់ឃើដ តាមការគ្រោង​ទុកនៅថ្ងៃ​ទី២៥ ខែកញ្ញាខាងមុខនេះ។ ម្យ៉ាងវិញទៀត មិនមែនមាន​តែអ៊ីរ៉ាក់ទេ​ដែលជំទាស់ សូម្បីតែស៊ីរី​ជាពិសេសគឺតួកគី ក៏បានប្រឆាំងដាច់ខាត​នឹងការបោះឆ្នោត ប្រជាមតិ​នេះដែរ ត្បិត ទីក្រុងអង់ការ៉ា​ខ្លាចក្រែងក្រុមសកម្មប្រយុទ្ធ​ឃើដ​មានឥទ្ធិពលកាន់តែខ្លាំង នៅភាគអាគ្នេយ៍​នៃប្រទេស ជាទីដែលមនុស្សជិត ៤០,០០០នាក់ បានស្លាប់ដោយ​សារជម្លោះ​រវាងក្រុមអ្នក​ប្រយុទ្ធឃើដ និងកងកម្លាំង​តួកគី អស់រយៈពេល​ជាងបីទសវត្សរ៍​មកនេះ៕