(ម៉ូស្គូ)៖ រុស្ស៊ី និងបេឡារុស ចាប់ផ្តើមការធ្វើ​សមយុទ្ធយុទ្ធសាស្រ្ត​រួមគ្នា ដែលមានការចូលរួមពី កងទ័ពប្រមាណ ១២,៧០០នាក់ មក​ពី​ប្រទេស​​ទាំង​សងខាង។ នេះបើការចេញ​ផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែ​កញ្ញា ឆ្នាំ២០១៧។

បើតាមក្រសួងការពារជា​តិរុស្ស៊ី កងកម្លាំងយោធា​សរុបចំនួន ១២,៧០០នាក់ ក្នុងនោះ ៧,២០០នាក់ មកពី​ប្រទេសបេឡារុស និង​ ៥,៥០០នាក់ មកពីប្រទេសរុស្ស៊ី​រួមទាំងយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ៧០គ្រឿង ក៏ដូចជាបរិក្ខាយោធាប្រមាណ ៦៨០គ្រឿង​ទៀត រួមមានទាំងរថក្រោះប្រហែល ២៥០គ្រឿង, កាំភ្លើងយន្ត-កាំភ្លើងត្បាល់-ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ២០០គ្រឿង, និង​នាវា​ចម្បាំង ​១០គ្រឿង កំពុងតែចូលរួមក្នុង​សមយុទ្ធ​ទ្រង់ទ្រាយធំនេះ។

គួរបញ្ជាក់ថា សមាជិកមួយចំនួន​នៃអង្គការ NATO រួមទាំង​អ៊ុយក្រែន បានលើកឡើងពី​ក្តីកង្វល់ជាខ្លាំង ចំពោះសមយុទ្ធ​យោ​ធានេះ ខណៈរដ្ឋមន្រ្តីការពារជាតិ​អាល្លឺម៉ង់ បានអះអាង​កាលពីសប្តាហ៍​មុនថា នឹងមានកងទ័ពដល់ទៅជាង ១០០,០០០នាក់​ចូល​រួម ដែលការអះអាងបែបនេះ​នាំអ្នកនាំពាក្យ​ក្រសួងការពារជាតិរុស្ស៊ី ចេញមុខទាត់ចោលភ្លាមៗ៕