(តូក្យូ)៖ កូរ៉េខាងជើង​នៅថ្ងៃព្រហស្បតិ៍នេះ បានគំរាមប្រើប្រាស់​​អាវុធនុយក្លេអ៊ែរ បាញ់ពន្លិច​ជប៉ុន​ឱ្យបាត់ចេញពីផែនទីពិភពលោក និងធ្វើឱ្យសហរដ្ឋអាមេរិក​ក្លាយជាផេះស្ថិតក្នុងពិភពដ៏ខ្មៅ ងងឹត សម្រាប់ការគាំទ្រដំណោះស្រាយ​ដាក់ទណ្ឌកម្ម​ អង្គការសហប្រជាជាតិ​ប្រឆាំងទីក្រុងព្យុងយ៉ាង។ ប៉ុន្តែនេះមិនមែន​ជាការគំរាមលើក​ទីមួយ របស់ទីក្រុងព្យុងយ៉ាង​នោះទេ។ នេះបើតាមការ ចេញផ្សាយ​ដោយ​សារព័ត៌មាន Bloomberg នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

កាលពីថ្ងៃចន្ទ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមានទាំងចិន និងរុស្ស៊ី ជាខ្នងបង្អែកដ៏ធំ​របស់កូរ៉េខាងជើង បានសម្រេចចិត្ត​អនុម័តជាឯកច្ឆ័ន្ទលើដំណោះស្រាយ​ដាក់ទណ្ឌកម្ម ប្រឆាំងនឹង​កូរ៉េខាងជើង សម្រាប់ការបំផ្ទុះ​ក្បាលគ្រាប់នុយក្លេអ៊ែរ​ជាលើក០៦ កាលពី​ថ្ងៃទី០៣ ខែកញ្ញា។ ដំណោះស្រាយ​លេខ ២៣៧៥ នេះក៏មានរួមបញ្ចូលផងដែរ​ នូវការហាមឃាត់​លើការ នាំចេញផលិតផល​វាយនភណ្ឌ ក៏ដូចជាការរឹតបន្តឹង​ការជួលកម្មករ​កូរ៉េខាងជើង នៅឯបរទេស​ជាដើម ក្នុងគោលបំណងកាត់បន្ថយប្រាក់ចំណូលរបស់​របបដឹកនាំ លោក គីម ជុងអ៊ុន។

ដោយឡែកជុំវិញ​ទណ្ឌកម្មនេះដែរ ស្ថានីយ៍ទូរទស្សន៍​កូរ៉េខាងជើង KCNA​ តាមរយៈសេចក្ដីថ្លែងការណ៍​ចេញផ្សាយនៅ​ថ្ងៃព្រហស្បតិ៍នេះ ដោយគណៈកម្មាធិការ​ដើម្បីសន្តិភាពកូរ៉េ អាស៊ី ប៉ាស៊ីហ្វិក បានព្រមា​នដូច្នេះថា «ជប៉ុនមិនចាំបាច់មានវត្ត​មាននៅក្បែរយើង​ទៀតនោះទេ ហើយកោះទាំងបួន​របស់ពួកគេ គួរតែត្រូវបានបាញ់​ពន្លិចចូលទៅក្នុងសមុទ្រ​ដោយគ្រាប់បែក នុយក្លេអ៊ែរ​របស់យើង»។

គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបាន​ហៅការអត្ថាធិប្បាយ​របស់កូរ៉េខាងជើងថា ជាចេតនាបង្ករឿង​ទាំងស្រុង។ «បើសិនជាកូរ៉េខាងជើង​នៅតែបន្តប្រកាន់ឥ​រិយាបថបែបនេះ នោះខ្លួននឹងកាន់តែ​ឯកោខ្លាំងឡើងពី​ពិភពលោក... តាមរយៈការអនុវត្តន៍​ការដាក់ទណ្ឌកម្មថ្មី នៃក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ និងកិច្ចព្រមព្រៀង​ពាក់ព័ន្ធ សហគមន៍អន្តរជាតិ​ទាំងមូល​ចាំបាច់ ជាអតិបរាម៉ា​ដាក់សម្ពាធលើកូរ៉េខាងជើង​ រហូតទាល់រដ្ឋកម្មុយនីស្ដ​មួយនេះ ផ្លាស់ប្ដូរគោលនយោបាយ​របស់ខ្លួន»។ នេះបើតាមសម្ដី​អ្នកនាំពាក្យ​រដ្ឋាភិបាលជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga)៕