(រ៉ង់ហ្គូន)៖ មន្ត្រីមីយ៉ាន់ម៉ាម្នាក់​បានឱ្យដឹងថា អនុប្រធានាធិបតី​ទីពីររបស់មីយ៉ាន់ម៉ា លោក យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) នឹងទៅចូលរួមសម័យ​ប្រជុំលើកទី ៧២ នៃមហាសន្និបាត​អង្គការសហប្រជាជាតិ  (UNGA) នៅក្នុងទីក្រុង​ញូយ៉ក ហើយការប្រកាស​នេះកើតមានឡើង​តែមួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ទីប្រឹក្សា​រដ្ឋលោកស្រី អោងសាន ស៊ូជី បានលុបចោល​គំរោងចូលរួមកិច្ច​ប្រជុំនេះ។ នេះបើតាម ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

លោកស្រី អោងសាន ស៊ូជី បានលុបចោល​គំរោងចូលរួមកិច្ច​ប្រជុំ UNGA ដោយបញ្ជាក់ថា លោកស្រីជាប់​រវល់ដោះស្រាយកិច្ចការ​នៅក្នុងស្រុក ក្នុងនោះរួមមាន​ទាំងការផ្ដល់ជំនួយ​មនុស្សធម៌ ទៅកាន់ប្រជាជន (រ៉ូហ៊ីងយ៉ា) ដែលកំពុង​រត់គេច​ចេញពីជម្លោះនៅក្នុងរដ្ឋរ៉ាឃីន ស្ថិតនៅ​ភាគខាងជើង​នៃប្រទេស ព្រមទាំងការ​គ្រប់គ្រង​សន្តិសុខ និងស្ថេរភាពនៅក្នុង​តំបន់ឡើងវិញ។

ជាងនេះ​ទៅទៀត បើតាមការិយាល័យ​ប្រធានាធិបតី​មីយ៉ាន់ម៉ា លោកស្រី អោង សានស៊ូជី នឹងថ្លែងសារ​​ទៅកាន់ប្រជាជាតិ​របស់លោកស្រី នៅថ្ងៃទី១៩ ខែកញ្ញានេះ ដោយឈរលើមូលដ្ឋាន​ការផ្សះផ្សាជាតិ និងសន្តិភាព ខណៈលោកស្រីផ្ទាល់​កំពុងប្រឈមមុខនឹង​ការរិះគន់ ពីសំណាក់សហគមន៍​អន្តរជាតិ ទាក់ទិននឹងវិបត្តិជនជាតិដើម​ភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនទៅប្រទេសបង់ក្លាដែស សរុបជិត ៤០០,០០០នាក់ទៅហើយ៕