(យូអិន)៖ ការអប់រំពិតជាអាចលើកកម្ពស់ឧត្តមគតិ នៃភាពអហិង្សា, ភាពស្មើគ្នា, និងការគោរពរវាងគ្នា​ទៅវិញទៅមក ដែល​​នេះគឺជាលើកឡើង​របស់​មន្រ្តីអង្គការសហប្រជាជាតិ (UN) នៅក្នុងព្រឹត្តិការណ៍​អន្តរជាតិមួយ ស្តីពីវិធីសាស្រ្ត ដើម្បីសម្រេច​បាន​នូវ​វប្បធម៌សន្តិភាព។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។

នាឱកាសខាង​លើនេះ លោក ភីត័រ ថមសុន (Peter Thomson) ប្រធានមហា​សន្និបាត UN បានថ្លែងថា «យើងត្រូវតែ​បង្រៀន​​​កូនៗ​របស់យើង អំពីតម្លៃសន្តិភាព, ការអត់ឱន​អធ្យាស្រ័យ, ភាពស្មើគ្នា, និងក្តីគោរព ជាដើម។ យើងត្រូវតែបំពាក់​បំប៉នពួក​គេជាមួយជំ​នាញផ្សេងៗ រួមទាំងការសិក្សា​អប់រំ ដែលពួកគេ​ត្រូវការ ដើម្បីដោះស្រាយបញ្ហា​ជម្លោះនានា ដោយសន្តិភាព​, ដើម្បីប្រឈមមុខ​នឹងភាពអយុត្តិធម៌ ក៏ដូចជាភាព​មិនចេះ​យោគយល់, និងដើម្បីបដិសេធ​ចំពោះភាពរឹងអើង​ ស្អប់ខ្ពើមគ្រប់​ទម្រង់ទាំងអស់»។

បន្ថែមពីនេះលោក Thomson បានលើកឡើង​ទៀតថា «ការជំរុញឲ្យមាន​វប្បធម៌សន្តិភាព​ទាមទារឲ្យយើង​ទាំងអស់គ្នា​ រួម​​មាន​បុគ្គល, ប្រជាជាតិ, និងអង្គការអន្តរជាតិ​ទាំងឡាយ ចូលរួម​សហការគ្នា ដើម្បីលើកស្ទួយ​ការយល់ដឹងអំពី មនុស្សជាតិ​​ទូទៅតែមួយ​របស់យើង»។​ ម៉្យាងវិញទៀត អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូត័ររេស (Antonio Guterres) ក៏បានសង្កត់ធ្ងន់​អំពីភាព​ចាំបាច់ ក្នុងការផ្តោតសំខាន់​ទៅលើយុវវ័យជំនាន់ក្រោយ ដើម្បីលើក​កម្ពស់​សន្តិភាព​ពិភពលោកផងដែរ៕