(ផ្លូរីដា)៖ ខណៈរដ្ឋ តិចសាស់ និង ល្វីស្យ៉ាណា កំពុងតែត្រដាបត្រដួស​ក្នុងការស្តារឡើងវិញ​នូវមហន្តរាយពីព្យុះហឺរីខិន ហានវេយ មិនទាន់បានធូរស្រាល​បន្តិចផងនោះ នៅរដ្ឋផ្លូរីដា ជាពិសេសសង្កាត់ ម៉ៃអាមី-ដេដ (Miami-Dade County) កំពុងត្រៀមខ្លួនទទួលព្យុះហឺរីខិនមួយទៀតគឺ អឺម៉ា (Irma) ដែលកំពុងតែសំដៅមកតំបន់ ភាគអាគ្នេយ៍សហរដ្ឋអាមេរិកនេះហើយ ដោយថាមពលខ្លាំងក្លា​សម្បើមណាស់។ នេះបើតាមការ​ចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។

ព័ត៌មានបានបន្តទៀតថា ប្រជាជនសរុបប្រមាណជាង ១០០,០០០នាក់ហើយ ត្រូវបានបញ្ជាឲ្យ​ជម្លៀសចេញពីតំបន់​ដែលជាប់ និងក្បែរឆ្នេរសមុទ្រ​ភាគខាងកើត និងខាងត្បូងរដ្ឋផ្លូរីដា ដែលជាទីនឹងរងគ្រោះមុនគេ ដោយព្យុះ​​កំណាច អឺម៉ា ហើយការជម្លៀស គឺចាប់​ផ្តើមតាំងតែពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ​តែម្តង។ អភិបាលរដ្ឋផ្លូរីដា លោក រីក ស្កុត (Rick Scott) បានថ្លែងបែបព្រមាន​ចំពោះពលរដ្ឋ​ដែលហាក់ស្ទាក់ស្ទើរមិនព្រមភៀស​ខ្លួន​យ៉ាងដូច្នេះថា «ខ្ញុំមិនដឹងថា ត្រូវបញ្ជាក់អ្វីឲ្យច្រើនជាងនេះទៀតទេ តែសូមកុំល្មើសបញ្ជា ឲ្យមានការភៀសខ្លួន​នោះអី។ យើងអាចកសាងផ្ទះអ្នកឡើងវិញបាន តែយើងមិនអាចស្រោចស្រង់ជីវិតអ្នកវិញបានឡើយ»។

យោងតាមអាជ្ញាធរអាមេរិក ខណៈព្យុះ Hurricane Irma​ ត្រូវបានគេរំពឹងថា អាចនឹងវាយសង្គ្រប់​មកលើរដ្ឋភាគអាគ្នេយ៍​សហរដ្ឋអាមេរិកមួយនេះ នៅចុងសប្ដាហ៍​នេះ។ ក្រុមមន្ត្រីនៃ​តំបន់ ម៉ៃអាមី (Miami-Dade County) បានផ្ដល់យោបល់​ដល់ប្រជាជនរស់​នៅតាមតំបន់ទាប ចាប់ផ្ដើមជម្លៀស​ចេញនៅថ្ងៃពុធ រីឯពួកអាជ្ញាធរក្នុង Monroe County បានចេញបញ្ជា​ជម្លៀសខ្លួន សម្រាប់ភ្ញៀវទេសចរណ៍​ដោយចាប់ផ្ដើម​នៅព្រឹកថ្ងៃពុធ និងប្រជាជនរស់​នៅក្នុងតំបន់នៅ​ល្ងាចថ្ងៃពុធ ស្របពេលដែល​ប្រជាជន​នៃតំបន់ Broward County រហូតដល់​តំបន់ Miami-Dade County ក៏នឹងត្រូវចាប់ផ្ដើមជម្លៀស​ចេញនៅល្ងាច​ថ្ងៃព្រហស្បតិ៍ ​(ម៉ោងនៅក្នុងតំបន់) ផងដែរ។

គួរបញ្ជាក់ថា កាលពីប៉ុន្មាន​សប្ដាហ៍មុន ខ្យល់ព្យុះ Hurricane Harvey ដែលបាន​វាយប្រហារ​មកលើរដ្ឋតិចសាស់​តាំងតែពី​ថ្ងៃទី២៥ ខែសីហា និងបានបង្កជា​ទឹកជំនន់អាក្រក់បំផុតនៅក្នុង ប្រវត្តិសាស្ត្រ​អាមេរិក អស់រយៈពេល ៥០ឆ្នាំមកនេះ បានបង្ខំឱ្យ​​អាជ្ញាធរជម្លៀសមនុស្ស​ជាង ១លាននាក់ ទៅកាន់កន្លែងមាន​​សុវត្ថិភាព ខណៈផ្ទះ​ជាង ២០០,០០០ខ្នង ត្រូវបានបំផ្លាញ រីឯទីក្រុង​ហួស្ដុន (Houston) រងគ្រោះ ធ្ងន់ធ្ងរជាងគេ​​ដោយខ្ពស់ទឹកភ្លៀង​​ឡើង​​ដល់កម្ពស់ ១.៤ម៉ែត្រ ហើយមនុស្ស ៦០នាក់ បានបាត់បង់ជីវិត៕ ​