(​ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ថា ជម្លោះទ្រង់ទ្រាយធំ នឹងមិនអាចកើត​ឡើងនៅលើ​ឧបទ្វីបកូរ៉េ​នោះទេ ដរាបណាភាគី​ទាំងអស់មាន​ជំហររួម។ ការថ្លែងបែប នេះរបស់ លោក ពូទីន កើតមានឡើងនៅចំពេល​គេគ្រប់គ្នា កំពុងរង់ចំាមើលថា រុស្ស៊ីនឹងឆ្លើយតបយ៉ាងដូចម្ដេច​ ទៅនឹងការធ្វើតេស្ដបំផ្ទុះ​ក្បាលគ្រាប់នុយក្លេអ៊ែរ​ជាលើកទី០៦ របស់កូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តមួយរបស់ខ្លួន​ដ៏សំខាន់នៅក្នុងតំបន់។ នេះបើតាមការចេញ​ផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ច​តំបន់ខាងកើត (​EEF) នៅឯ​ទីក្រុង Vladivostok លោក ពូទីន ក៏បានជំទាស់ផងដែ​រការប្រើប្រាស់កម្លាំង​យោធា ដោះស្រាយជាមួយ​កូរ៉េខាងជើង​ហើយថា ទីក្រុង ម៉ូស្គូចង់ឱ្យវិបត្តិបច្ចុប្បន្ន​ត្រូវបានដោះស្រាយ​តាមវិធានការ​ទូត ដូចកាលពីឆ្នាំ២០០៥។ ជាងនេះទៅទៀត ប្រមុខវិមានក្រឹមឡាំង​រូបនេះបញ្ជាក់ថា នឹងមិនទទួលស្គាល់​កូរ៉េខាងជើងជា​រដ្ឋនុយក្លេអ៊ែរនោះទេ ក៏ប៉ុន្តែលោកនៅ​តែប្រកាន់ជំហរ​ដដែលថា ការដាក់ទណ្ឌកម្មឯកតោភាគី មិនអាចជួយអ្វី​បានឡើយ ក្រៅតែធ្វើឱ្យស្ថានភាព​ កាន់តែអាក្រក់ឡើង​តែប៉ុណ្ណោះ។

ដោយឡែក​នៅពេលនិយាយ​ដល់វោហាស័ព្ទប្រឆាំងកូរ៉េខាងជើង​របស់សហរដ្ឋអាមេរិក លោកពូទីន បានរំលឹកឡើងវិញ​ពីការផ្ដួលរំលំ​របបដឹកនាំ សាដដាំ ហូស្សេន នៅអ៊ីរ៉ាក់កាលពី​ឆ្នាំ២០០៣។  លោកពូទីន បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «តើអ្នកគិតទេថា ពួកគេ (សហរដ្ឋអាមេរិក) នឹងឈប់ធ្វើរឿង​បែបនេះពីពេលនេះ​តទៅ? ប៉ុន្តែយើងនៅតែចង់​និយាយថា យើងកំពុងដើរលើផ្លូវនៃ កិច្ច​សហប្រតិបត្តិការ ដែលយើងបាន​ត្រៀមខ្លួន ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ (កូរ៉េខាងជើង) ព្រមទាំងបង្កើតលក្ខខ័ណ្ឌ​គ្រប់គ្នាអាចយល់ និងទទួលយកបាន... ខ្ញុំសូម​ធានាចំពោះ​អ្នកទាំង អស់គ្នាថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងផ្លាស់ប្ដូរ​បន្តិចម្ដងៗ ដើម្បីឈានដល់កិច្ច​សហប្រតិបត្តិការ​រវាងគ្នា បើសិនជាពួកយើង​អាចដើរ​តាមផ្លូវនេះ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក​កាលពីថ្ងៃពុធ បានស្នើឱ្យអង្គការ​សហប្រជាជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​​លើវិស័យប្រេង​កូរ៉េខាងជើង ក៏ដូចជាបង្កក​រាល់ទ្រព្យសម្បតិ្ត​របស់ លោក គីម ជុងអ៊ុន ហើយនៅពេលនេះ​គេកំពុងរង់ចាំ​មើលថា រុស្ស៊ី និងចិន នឹងឆ្លើយតប​យ៉ាងណាចំពោះ​ការធ្វើតេស្ដបំផ្ទុះគ្រាប់បែក​នុយក្លេអ៊ែរជា​លើកទី០៦ ពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យ៕