(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង​នាថ្ងៃព្រហស្បតិ៍នេះ បានចេញ​មុខសាជាថ្មី​ម្តងទៀត ដើម្បីសម្តែង​ការជំទាស់ជាខ្លាំង​​​ចំពោះទីក្រុងសេអ៊ូល សម្រាប់ការ​ដាក់ពង្រាយ​ប្រព័ន្ធខែល​ការពារមីស៊ីល THAAD ផលិតដោយសហរដ្ឋអាមេរិកចំនួន ​០៤គ្រឿង បន្ថែមទៀតក្នុងស្រុកសុងជូ (Seongju) នៃខេត្តគ្យុងសាង​ខាងជើង (North Gyeongsang) នៅលើទឹកដី​ប្រទេស​​កូរ៉េខាងត្បូង។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានចិន CGTN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ​២០១៧។

លោក ហ្គេង ស្សង (Geng Shuang) អ្នកនាំពាក្យក្រសួង​​ការបរទេសចិន បានធ្វើការអត្ថាធិប្បាយខាងលើ នៅក្នុងសន្និសីទ​​​​ប្រចាំថ្ងៃមួយ បន្ទាប់ពីប្រព័ន្ធ THAAD ចំនួន ០៤គ្រឿងទៀត ត្រូវបានដាក់ពង្រាយ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅក្នុងស្រុក Seongju ចំពោះមុខការតវ៉ា​យ៉ាងកក្រើក ពីសំណាក់​ប្រជាជនកូរ៉េខាងត្បូង​ជាច្រើននាក់ ក្រោមហេតុផល​ការពារភាពគំរាម​កំហែង​កាន់តែកើនឡើង របស់ប្រទេស​កូរ៉េខាងជើង។

គួរបញ្ជាក់ថា ទីបំផុតការដាក់ពង្រាយបន្ថែម THAAD ចំនួន ០៤គ្រឿងទៀតនេះ ​នឹងធ្វើឲ្យការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល ដ៏ចម្រូងចម្រាសនេះ​ត្រូវបានបញ្ចប់​​ទៅជាស្ថាពរ ក្នុងរយៈពេលប្រមាណ ១៤ខែ ក្រោយពីកិច្ចព្រមព្រៀង​ការពារជាតិនេះ ត្រូវបានធ្វើឡើង រវាងរដ្ឋាភិបាល​​ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន៕

Vutha FN Eng-Deputy Editor, [07.09.17 15:57]